ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ឆ្នាំ១៩៤៥-១៦ ឧសភា ២០១៩ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ នៃកំណើតនគរបាលជាតិកម្ពុជា លើកទី៧៤ (១៦ ឧសភា ១៩៥៤-១៦ ឧសភា ២០១៩) សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ចំនួន៥ចំណុចដូចខាងក្រោមៈ
១-ត្រូវពង្រឹងកងកម្លាំងនគរបាលជាតិ ដោយត្រូវធ្វើការប្តេជ្ញាចិត្តរួមគ្នា បន្តធ្វើការកែទម្រង់នគរបាលជាតិ អំពីក្របខ័ណ្ឌ ឋានន្តរស័ក្តិ តួនាទី មុខងារ និងការទទួលខុសត្រូវ នៅតាមស្ថាប័ន-អង្គភាពនគរបាលគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ សំដៅឆ្លើយតបចំពោះការវិវត្តរីកចម្រើន របស់សង្គម និងស្ថានភាពប្រែប្រួលស្មុគស្មាញ នៃសភាពការណ៍សន្តិសុខ ក្នុងតំបន់ និងពិភពលោក។
២-ជាក្រិត្យក្រម ក្នុងកម្លាំងអនុវត្តច្បាប់ត្រូវមានលក្ខណៈសម្បត្តិ និងនីតិសម្បទាគ្រប់គ្រាន់ ក្នុងការបម្រើប្រជាពលរដ្ឋ ប្រកបដោយស្មារតីអង់អាចក្លាហាន និងមានសមត្ថភាពពេញលេញ ទាំងសមត្ថភាពផ្នែកច្បាប់ ជំនាញបច្ចេកទេស ព្រមទាំងមានមនសិការវិជ្ជាជីវៈ បម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយភក្តីភាព។ លើមូលដ្ឋាននេះ ការកសាងអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន គឺជាគោលដៅអាទិភាពដែលគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលមុខជំនាញ ឯកទេស និងច្បាប់ រយៈពេលវែង-ខ្លី និងការបំប៉ននៅហ្នឹងកន្លែង ជាពិសេសបង្កើនការអប់រំ ពង្រឹងសីលធម៌ វិន័យកងកម្លាំងជាប្រចាំដើម្បីកសាងធនធានមន្ត្រីអនុវត្តច្បាប់ ឲ្យមានសមត្ថភាព មានសីលធម៌ គុណធម៌ និងមនសិការ វិជ្ជាជីវៈពិតប្រាកដ សក្តិសមនឹងកិត្តិយសរបស់កងកម្លាំងនគរបាលជាតិ។
៣-គ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន-អង្គភាពជំនាញ និងគ្រប់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រង ដឹកនាំអង្គភាព និងកងកម្លាំងក្រោមឱវាទ ដោយត្រូវពង្រឹងការអនុវត្តតួនាទី ភារកិច្ច ដែលបានចែងក្នុងច្បាប់ លិខិតបទដ្ឋាន ពាក់ព័ន្ធស្ថាប័ន អង្គភាពនីមួយៗ ដើរទន្ទឹមនឹងការខិតខំរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ផ្តល់ភាពកក់ក្តៅដល់កម្លាំងក្រោមឱវាទ ដោយត្រូវស្វែងយល់អំពីសុខទុក្ខ ការលំបាកបញ្ហាប្រឈម និងសំណូមពរនានារបស់ថ្នាក់ក្រោមជាតិ ព្រមទាំងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្លួន នូវគោលនយោបាយសរសើរ ជូនរង្វាន់លើកទឹកចិត្ត និងអនុវត្តវិន័យតឹងរឹង ប្រកបដោយតម្លាភាព និងយុត្តិធម៌។
៤-ត្រូវបន្តលើកទឹកចិត្ត និងបំផុសចលនាផ្សាភ្ជាប់ រវាងសមរភូមិក្រោយ ជាមួយសមរភូមិមុខតាមរយៈការបន្តពង្រឹងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនានា ជាមួយអង្គភានគរបាលជាប់ផុស មានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីរួមគ្នាធ្វើសកម្មភាពចុះសួរសុខទុក ស្វែងយល់អំពើពលិកម្ម និងបញ្ហាប្រឈមនានារបស់កងកម្លាំងនគរបាល ដើម្បីចូលរួមលើកទឹកចិត្តទាំងស្មារតី និងឧបត្ថម្ភគាំទ្រនូវមធ្យោបាយ សម្ភារ គ្រឿងឧបភោគ បរិភោគនានា ដល់កងកម្លាំងនគរបាល ដែលកំពុងឈរជើងនៅតាមព្រំដែន។ ទន្ទឹមនេះត្រូវបន្តយកចិត្តទុកដាក់ថែបំប៉នកម្លាំងការពារព្រំដែនឲ្យបានល្អប្រសើរ ទាំងជីវភាពប្រចាំថ្ងៃទាំងជម្រក បន្ទាយ លេណដ្ឋាន មធ្យោបាយ ឧបករណ៍ សម្ភារ អាវុធ គ្រាប់រំសេវ សំដៅពង្រឹងកងកម្លាំងនគរបាល ការពារព្រំដែនឲ្យក្លាយជាកម្លាំងដ៏រឹងមាំ មានសមត្ថភាពពេញលេញ ការពារបូរណភាពទឹកដី។
៥-តាមរយៈវេទិកានេះ សម្ដេចសូមជំរុញលើកទឹកចិត្តដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមលើកកម្ពស់ស្មារតីសហការ ដឹកនាំគាំទ្រដល់គ្រប់សកម្មភាព របស់កងកម្លាំងនគរបាលជាតិ ដើម្បីរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាការពារឲ្យបាននូវសមិទ្ធផលសង្គមជាតិ ដែលយើងបានកសាងឡើងដោយលំបាកលំបិន សំដៅចូលរួមកសាងអភិវឌ្ឍសង្គមកម្ពុជា ឆ្ពោះទៅដល់គោលដៅអភិវឌ្ឍប្រកបដោយជោគជ័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍បរិយាសសន្តិសុខសង្គម ដែលពោរពេញដោយលក្ខណៈគាប់ប្រសើរ នាឆ្នាំ២០១៨កន្លងទៅ គឺជាសក្ខីភាពឆ្លុះបញ្ចាំង ពីស្នាដៃរបស់កងកម្លាំងនគរជាតិ ដែលបានតស៊ូក្រាញននាល យ៉ាងស្វិតស្វាញ ឆ្លងកាត់ស្ថានការណ៍ និងឧបសគ្គស្មុគស្មាញជាច្រើន ហ៊ាលះបង់អាយុជីវិត ដើម្បីបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយឧត្តគតិ និងមនសការជាតិ ដោយរក្សាបានយ៉ាងគត់មុត សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដែលបានរួមចំណែកយ៉ាងសំខាន់ នឹងជាមូលដ្ឋានគ្រឹះ ដែលបម្រើឱ្យការអភិវឌ្ឍជាតិស្ទើរគ្រប់វិស័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍បន្តថា ទោះបីកងកម្លាំងនគរជាតិ សម្រេចបាននូវសមិផលយ៉ាងធំធេង គួរជាទីមោទនពោលដូចខាងលើក្តី ក៏ប៉ុន្តែផ្អែកតាមការសន្និដ្ឋានការវាយតម្លៃជារួម នាឆ្នាំ២០១៩នេះ កម្ពុជាអាចនឹងប្រឈមបញ្ហាស្មុគស្មាញមួយចំនួនពាក់ព័ន្ធដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលមួយផ្នែក ទទួលរងឥទ្ធិផលពីនិន្នាការសន្តិសុខ ក្នុងតំបន់ និងសកលលោក និងមួយផ្នែកទៀតសំពាធបរិយាកាសសង្គម ដែលពាក់ព័ន្ធទៅនឹងស្ថានការនយោបាយ សន្តិសុខក្នុងប្រទេសដូចជាៈ ការប៉ុនប៉ងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ពីសំណាក់បរទេស ទាំងចេតនាទុច្ចរិតរបស់ក្រុមឧទាមក្រៅច្បាប់ រួមជាមួយនិន្នាការអមិត្តប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ ក៏ដូចជាសកម្មភាពរីករាលដាល នៃឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការជួញដូរគ្រឿងញៀន ការបំពុលបរិយាលកាសសង្គម ដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បញ្ហាសណ្តាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងឥទ្ធិពលអវិជ្ជមានមួយចំនួនក្នុងសង្គម។ល។
បញ្ហាទាំងអស់នេះសុទ្ធសឹងជាវិញ្ញសារ ដែលទាមទារឱ្យកងកម្លាំងនគរជាតិដោះស្រាយ តាមរយៈការប្រមូលផ្តុំប្រាជ្ញារស្មារតី ត្រៀមលក្ខណៈសម្បត្តិម្ចាស់ការ ដើម្បីអនុវត្តគោលការណ៍និងវិធានការសំខាន់ៗដូចខាងក្រោមៈ
១-ប្តេជ្ញាអោបានគត់មុត នូវអធិបតេយ្យជាតិ បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្រប់ច្បាប់ ទប់ស្កាត់រាល់សកម្មភាពជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងជាតិ ដោយរក្សាលើកស្ទួយគោលនយោបាយ សុខដុមរម្មនីកម្ម ពង្រឹងសន្តិសុខផ្ទៃក្នុង រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិឱ្យបានរឹងមាំ ដោយមិនអនុញ្ញាតកម្លាំងអមិត្តមួយណាប្រើទឹកដីព្រះរាជាណាចក្រកម្ពុជា ធ្វើជាស្នាន់ ដើម្បីប្រឆាំងនឹងប្រទេសជិតខាងឡើយ។
២-ខិតខំលើកកម្ពស់ប្រសិទ្ធភាព ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សារធាណៈ និងសុវត្ថិភាពសង្គម ដោយយកចិត្តទុកដាក់ ក្នុងការធានាសុវត្ថិភាពដល់ព្រឹត្តការនយោបាយនានារបស់ជាតិ ដើម្បីរួមចំណែកលើកកម្ពស់កិច្ចដំណើរការអនុវត្ត លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងការពារឥរស្សជាន់ខ្ពស់ ក៏ដូចជាព្រឹត្តការជាតិ អន្តរជាតិសំខាន់ៗ គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ វិនិយោគ ទេសចរដើម្បីលើកកម្រិតកិត្យានុភាពជាតិ និងរួមចំណែកកសាងប្រទេសជាតិឱ្យរីកចម្រើនជឿនលឿន។
៣-បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារអនុវត្តច្បាប់ នៃប្រទេសជាមិត្តទាំងក្នុងនិងក្រៅតំបន់ ដើម្បីទប់ស្កាត់អំពើភេវរកម្ម បង្ការ ទប់ស្កាត់ និងបង្ក្រាប នូវរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាព។
៤-ពង្រឹងវិធានការក្នុងការកាត់បន្ថយបទល្មើសគ្រប់ប្រភេទដោយជំរុញការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបឱ្យបានខ្លាំងក្លា ជាពិសេសអំពើលួច ឆក់ ប្លន់ ការជួញដូរគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ច សកម្មភាពក្មេងទំនើង និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត សំដៅឱ្យប្រជាពលរដ្ឋរស់នៅ ប្រកបរបរចិញ្ចឹមជីវិត ដោយភាពកក់ក្តៅ មានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ទន្ទឹមនេះ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញ ការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ឱ្យកាន់តែសកម្មថែមទៀត។
៥-បន្តសហការជាមួយស្ថាប័ន្ថ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ទីប្រជុំជន ឱ្យមានរបៀបរាបរយ និងពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែម៉ឺងម៉ាត់ លើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្ការ ពន្លត់និងសង្គ្រោះ តាមរយៈលើកកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ ពង្រឹងក្រមសីលធម៌ កែប្រែឥរិយាបទមន្ត្រីអនុវត្តច្បាប់ និងគាំទ្រផ្នែកមធ្យោបាយ និងសម្ភារៈ។ ជាមួយគ្នានេះត្រូវបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការលើកកម្ពស់វិធានការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ឱ្យមានការយល់ដឹង បើកទូលាយ ក្នុងការគោរពច្បាប់ចរាចរណ៍ ទាំងការប្រុងប្រយ័ត្នក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ព្រមទាំងបំផុសចលនា ឱ្យមានការរួមចំណែកពីសង្គមស៊ីវិល និងវិស័យឯកជនទៀតផង។
៦-ខិតខំជំរុញអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់អន្តោប្រវេសន៍ ដោយបង្កើនការយកចិត្តទុកដាក់ ដោះស្រាយជនអន្តោប្រវេសន៍ខុសច្បាប់ ការគ្រប់គ្រងអន្តោប្រវេសន៍ និងជនបរទេស និងមានវិធានការច្បាប់ចំពោះជនបរទេស ដែលប្រព្រឹត្តអំពើល្មើសច្បាប់។ ជាមួយនេះជំរុញប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថិតិនិងផ្តល់សេវា តម្រូវការជូនប្រជាពលរដ្ឋ ឱ្យមានតម្លាភាព និងទាន់ពេលវេលាជាអាទិ៍ អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងឯកសារចាំបាច់នានាទៀត។ល។ ដើម្បីបម្រើសេចក្តីត្រូវការ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផង និងធានាគ្រប់គ្រងនូវទិន្នន័យសម្រាប់ឆ្លើយតប ទៅនឹងសូមណូមពរទៅហ្នឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតឡើងនៅក្នុងសង្គមផង។
៧-បន្តពង្រឹងវិធានការជំនាញ ក្នុងការគ្រប់គ្រង រក្សាទុក ការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ ដោយរៀបចំនាយាមច្បាស់លាស់ ស្របតាមច្បាប់កំណត់ ជាមួយការពង្រឹង ការត្រួតពិនិត្យ អាវុធជាតិផ្ទុះជាប្រចាំ ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ ក្នុងករណីប្រើប្រាស់អាវុធខុសច្បាប់ សំដៅទប់ស្កាត់បទល្មើសនានា ដែលផ្តើមចេញពីការប្រើប្រាស់អាវុធខុសច្បាប់ ក្នុងនោះដែរ ត្រូវបន្តជំរុញសកម្មភាពផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ ឱ្យបានទំលំទូលាយចូលរួម លុបបំបាត់ការប្រើប្រាស់អាវុធខុសច្បាប់ និងយល់ដឹងអំពីគ្រោះថ្នាក់ និងផលប៉ះពាល់បណ្តាលមកពី អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
៨-បន្តពង្រឹងពង្រឹកសហប្រតិបត្តិការជាមួយស្ថាប័ន្ថនិងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមចំណែកលើកស្ទួយ គោលនយោបាយ ទេសចរណ៍ជាតិ ដោយខិតខំជំរុញ អនុវត្តផែនការ ការពារអ្នកវិនិយោគគិន និងអ្នកទេសចរបរទេស ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ព្រមជាមួយគ្នានេះដែរ ត្រូវលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពកងកម្លាំងនគរបាលបិតិកភណ្ឌដើម្បីរួមចំណែកថែរក្សា អភិរក្ស បិតិកភណ្ឌ និងសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្ស។
៩-ខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងការពារព្រំដែន បណ្តាប្រទេសជិខាងដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការចាកចេញចូល ឆ្លងកាត់ព្រំដែនស្របច្បាប់ និងទប់ស្កាត់រាល់បទល្មើសព្រំដែនគ្រប់ប្រភេទ សំដៅធានាស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ តាមព្រំដែន និងរក្សាបានព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
១០-លើកកម្ពស់គុណភាព ក្នុងការកសាងធនធានមនុស្សដោយផ្តល់អទិភាព ក្នុងការបណ្តុះបណ្តាលក្នុងរយៈពេលវែង និងបំប៉នជំនាញរយៈខ្លីនៅហ្នឹងកន្លែង។ គួបផ្សំការកែប្រែឥរិយាបទ វិន័យ សីលធម៌ ដើម្បីកសាងកងកម្លាំងនគរបាលជាតិ ក្លាយជាកម្លាំងអនុវត្តច្បាប់ ដែលមានសមត្ថភាព មានកិត្តិយសថ្លៃថ្នូរ មានមនសិការ វិជ្ជាជីវខ្ពស់ បម្រើនិងផ្តល់សេវាជូនប្រជាពលរដ្ឋដោយក្តីមោទនភាព ៕