ភ្នំពេញ៖ វេលាម៉ោង០៣យប់ថ្ងៃទី២៧ ឈានចូល២៨ ខែមេសា ឆ្នាំ២០១៩ មានករណីឃាតកម្ម យ៉ាងតក់ស្លុតមួយ បង្កដោយជនសង្ស័យ០១ក្រុម បើករថយន្តម៉ាកហាយឡែនឌ័រ ០២គ្រឿង (មួយគ្រឿងពណ៌ទឹកប្រាក់ និងមួយគ្រឿងទៀត ពណ៌ទឹកមាស) បានបើកបំបុកជនរងគ្រោះ០២នាក់ បណ្តាលឲ្យស្លាប់០១នាក់ របួសធ្ងន់០១នាក់ នៅចំណុចស្ពានដែក ផ្លូវចំការដូង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ ជនសង្ស័យបានគេចខ្លួនដោយសុវត្ថិភាព បង្កឲ្យមហាជនមានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោរ ព្រមទាំង សម្តែងការខ្លោចចិត្តអាណិតអាសូជនរងគ្រោះ និងថ្កោលទោសធ្ងន់ធ្ងរ ចំពោះជនសង្ស័យ។
ស្រាប់តែស្ងាត់ៗ រយៈពេល២សប្តាហ៍ក្រោយថ្ងៃកើតហេតុ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលជាជនដៃដល់ ត្រូវបាននាំខ្លួនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ទៅហើយ កាលរសៀលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។
បានលឺដំណឹងមួយនេះ ធ្វើឲ្យអ្នកដែលមានចិត្តអាណិតអាសូរជនរងគ្រោះ សម្តែងការសាទរយ៉ាងពេញទំហឹង តែក៏ចង់ដឹងព័ត៌មាន លម្អិតផងដែរថា តើអាវុធហត្ថរាជធានី ភ្នំពេញចាប់ខ្លួនជនសង្ស័យបានដោយរបៀបណា? សូមតាមដានទាំងអស់គ្នាដូចខាងក្រោម៖
បន្ទាប់ពីកើតហេតុ ជនសង្ស័យបានគេចខ្លួនបាត់ស្រមោលឈឹង ដោយពុំមានអ្នកស្គាល់អត្តសញ្ញាណ បន្សល់ទុកតែ ជនរងគ្រោះ០២នាក់ (ម្នាក់ស្លាប់ ម្នាក់របួសធ្ងន់) នៅនឹងកន្លែង បន្ទាប់មកសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធ បានបើកការស៊ើបអង្កេត ជាបន្ទាន់គ្រប់ៗគ្នា។
ក្នុងនោះផងដែរ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវប្រមូលភស្តុតាង និងស្វែងរកអត្តសញ្ញាណ ជនសង្ស័យយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល០២សប្តាហ៍ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ អាវុធហត្ថរាជធានីភ្នំពេញ បានកំណត់អត្តសញ្ញាណជនសង្ស័យ និងឈានដល់ឃាត់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ រិន សេងរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនិងអាស័យដ្ឋានបច្ចុប្បន្នរស់នៅ ភូមិខ្នាយកូវ ឃុំត្នោត ស្រុកកញ្ច្រៀវ ខេត្តព្រៃវែង។
ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុរូបខ្លួននិងមិត្តភក្តិ០៧នាក់ផ្សេងទៀត បាននាំគ្នាផឹកស្រាបៀរ អស់០២កេស នៅផ្ទះរបស់ឈ្មោះ ថៃ រិទ្ធី រហូតដល់ម៉ោង០០និង១០យប់ ក៏នាំគ្នាទៅច្រៀងខារ៉ាអូខេ នៅឌីយ៉ាម៉ង ម្តុំស្ពានដែក ផ្លូវចំការដូង បន្តទៀត។ លុះដល់ម៉ោង០២និង៣០យប់ ពួកគេក៏បានចេញពីច្រៀងវិញឡើងជិះរថយន្តរៀងៗខ្លួន ស្រាប់តែពេលនោះ មានបុរសម្នាក់ឈរនៅចិញ្ចើមផ្លូវ "បាននិយាយថា ពួកហែងស្អីគេ មានឡានប៉ុណ្ណឹងឲ្យគេបើកទ្វារឲ្យ! អស្ចារ្យម្លេះ?" ឭដូច្នេះខ្លួន ក៏បាន ចុះពីរថយន្ត ទៅតវ៉ាជាមួយបុរសនោះ ហើយបុរសនោះក៏និយាយបន្តថា "ពួកហែងអស្ចារ្យអី? អាចុយម្រាយ!" ទន្ទឹមគ្នានោះ មិត្តភក្តិ របស់ខ្លួនឈ្មោះ រិន បូរ៉ា ក៏បានស្ទុះទៅវាយបុរសនោះតែម្តង ហើយសន្តិសុខនៅទីនោះក៏បានចូលមកឃាត់ រីឯបុរសនោះក៏រត់គេច ខ្លួនបាត់។ ស្រាប់តែក្រោយមកបុរសនោះ ក៏បានត្រឡប់មកវិញដោយមានបក្ខពួក០២នាក់ កាន់សុទ្ធតែដាវនិងដែកថ្នាំងអំពៅ មកជាមួយផងដែរ ដោយដើរសំដៅមករកពួកខ្លួន ហើយខ្លួនក៏បើកឡានចេញ ស្រាប់តែបុរសនោះនិងបក្ខពួកធ្វើសកម្មភាពដេញកាប់ មិត្តភក្តិខ្លួន ទើបខ្លួនបើករថយន្តបំបុកក្រុមបុរសនោះ បណ្តាលឲ្យដួលលើដី ហើយខ្លួនក៏ហៅបក្ខពួកឡើងរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុតែម្តង។ ស្រាប់តែថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ពេលខ្លួនកំពុងពុះអុសនៅផ្ទះឯស្រុកកំណើត ក្នុងខេត្តព្រៃវែង ក៏ស្រាប់តែសមត្ថកិច្ចចុះមកឃាត់ខ្លួនដល់ផ្ទះតែម្តងទៅ ៕