បន្ទាយមានជ័យ៖ ជនរងគ្រោះប្រុស.ស្រី៣នាក់ ត្រូវរថយន្តដឹកដីបុក ហើយកិនពីលើបណ្តាលស្លាប់ នៅហ្នឹងកន្លែង នៅវេលាម៉ោង៩នឹង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិអណ្តូងថ្មមាសសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ជនរងគ្រោះដែលត្រូវរថយន្តកិនស្លាប់មានទី១.ឈ្មោះ ផាត ភាព ភេទប្រុស អាយុ៣៦ឆ្នាំ (អ្នកបើកបរម៉ូតូ) ទី២.ឈ្មោះ ផាត ភាន ភេទប្រុស អាយុ២៣ឆ្នាំ (ត្រូវជាប្អូនប្រុសរួមដំណើរ) និងទី៣.ឈ្មោះ ស្រី តំ ភេទស្រី អាយុ១៩ឆ្នាំ (រួមដំណើរ) ជនរងគ្រោះទាំងបីនាក់រស់នៅភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកក្រុងប៉ោយប៉ែតបានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះទាំងបីនាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក់បាត់ដំបង 1L-1949 បើកបរដោយឈ្មោះ ផាត ភាព តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច ហើយមានរថយន្តបែនធុនធំ១គ្រឿងដឹកដីម៉ាកFUSO ពាក់ស្លាក់លេខភ្នំពេញ 3A-3754 បើកបរដោយឈ្មោះ ហេង វាសនា ភេទប្រុស អាយុ២៧ឆ្នាំ បានបើកបររថយន្តដឹកដីអោយក្រុមហ៊ុន តាំង តេងភៀវ នៅក្រុងប៉ោយប៉ែត មានស្រុកកំណើតភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបើកបររថយន្តបែនដឹកដីពេញក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបានជួបឧបសគ្គខាងមុខដោយរថយន្តក្រឡុកស៊ីម៉ង់១គ្រឿងបានបើកចេញពីក្រុមហ៊ុនលាយស៊ីម៉ង់ នៅចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយឡើងកាត់ផ្លូវជាតិលេខ៥ ពីជើងហើយទៅទិសខាងលិចបានជាន់ហ្វ្រាំងមិនទាន់ទៅបុកហើយកិនអ្នកជិះម៉ូតូពីមុខបណ្តាលស្លាប់៣នាក់នៅហ្នឹងកន្លែងតែម្តង។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយពេលដែលរថយន្តដឹកដីបង្កគ្រោះថ្នាក់បណ្តាលបុកហើយកិនបណ្តាលជនរងគ្រោះប្រុស.ស្រីស្លាប់៣នាក់និងកន្លែងអ្នកជិតខាងឃើញហេតុការបានឃាត់អ្នកបើកបរប្រគល់ជូនមន្ត្រីនគរបាលចរាចរណ៍ជើងគោកក្រុងប៉ោយប៉ែត។ ហើយមន្ត្រីនគរបាលជំនាញបាន វាស់វែងគឺរថយន្តដែលបង្កគ្រោះថ្នាក់ជារថយន្តដឹកដីនិងរថយន្តក្រឡុកស៊ីម៉ង់ដែលបើកបរឡើងផ្លូវគ្មានការប្រុងប្រយ័ត្នបានគេចខ្លួនកំពុងស្រាវជ្រាវរកចាប់ខ្លួន។ ចំណែករថយន្តដែលបង្កគ្រោះថ្នាក់និងអ្នកបើកបរត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអនុវត្តតាមច្បាប់ ៕