ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៩ព្រឹក នៅចំណុចផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ សហការជាមួយកម្លាំងនគរបាលការិយាល័យកំរិតធ្ងន់រាជធានីភ្នំពេញ និងសាលាសង្កាត់ចាក់អង្រែលើ ដឹកនាំដោយលោកវរសេនីយ៍ត្រី អោក វីរៈ នាយផ្នែកការិល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់, លោក អ៊ុំ រតនា នាយនគរបាលប៉ុស្តិ៍ចាក់អង្រែលើ, លោក ខុន សុខជា តំណាងសាលាចាក់អង្រែលើបានបិទ លិខិតអោយដំណឹងអំពីសាលក្រមរបស់លោក ម៉េង ជូហ៊ុត ក្រឡាបញ្ជីសាលាដំបូង រាជធានីភ្នំពេញ លេខ០៩និងលេខ១០ « ត» ល.ក្រចុះថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញដែលបង្គាប់អោយចាប់ខ្លួន ឃុំខ្លួនឈ្មោះ សម រង្ស៊ី ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតសង្កាត់លេខ៣ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ពីបទញុះញង់កុំអោយយោធាស្ដាប់បង្គាប់ និងបទធ្វើអោយខូចទឹកចិត្តកងទ័ព កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ព្រមទាំងចោទពីបទ ប្រមាទចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៨ ៕