ព្រះវិហារ៖ ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូន ឬជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងអធិការដ្ឋាននគរបាលស្រុកគូលែន ឃាត់ខ្លួនកាលពីថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ត្រី មាឃ សំអូន ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើស បានឱ្យដឹងថាក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើអោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ត្រូវបង្ក្រាបករណីគ្រឿងញៀនក្នុងមូលដ្ឋានដូចភ្លៀងរលឹម។
ជនសង្ស័យទី១-ឈ្មោះ អាត លីហ័ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ,
ទី២-ឈ្មោះវង្ស វិន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ,
ទី៣-ឈ្មោះ ឈឺម ខ្មៅ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុង/ខេត្តព្រះវិហារ ឃាត់ខ្លួននៅចំណុចភូមិ ភារកិច្ច សង្កាត់ប៉ាលហាល ក្រុង/ខេត្តព្រះវិហារ,
ទី៤-ឈ្មោះ ហេង លី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសិប្បកម្មឈើ ទីលំនៅបច្ចប្បន្ន ភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុង/ខេត្តព្រះវិហារ ឃាត់ខ្លួននៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មី,
និងទី៥-ឈ្មោះ ខា សូត្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ទីលំនៅបច្ចុប្បន្នភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ឃាត់ខ្លួននៅចំណុចភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុង/ខេត្តព្រះវិហារ។
ដកហូតសម្ភារៈវត្ថុតាងរួមមានៈ ថ្នាំញៀនក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន(ICE) ចំនួន១១កញ្ចប់ ទម្ងន់១០.៣៩ ក្រាម, រថយន្តម៉ាកCamery ពណ៌ស ចំនួន១គ្រឿង ស្លាកលេខ ខេមរភូមិន្ទ ២. ២៩០៨, ម៉ូតូ ចំនួន ៣គ្រឿង, ទូរស័ព្ទដៃចំនួន៩គ្រឿង។
បច្ចប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរបំភ្លឺ និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕