សៀមរាប៖ សមត្ថកិច្ចមូលដ្ឋាននៃស្រុកជីក្រែងបានឲ្យដឹងថា ស្ត្រីវ័យចំណាស់ម្នាក់មានជំងឺបេះដូងធ្ងន់ធ្ងរបានមកឲ្យគ្រូពេទ្យភូមិជួយសង្គ្រោះ។ ប៉ុន្តែត្រូវបានស្លាប់នៅនឹងកន្លែង ខណៈព្យួរសេរ៉ូរួច។ ហេតុការណ៍នេះកើតោឡើងនៅថ្ងៃទីម៉ោង១៥និង៣០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះពេទ្យ ភូមិអន្លង់ព្រីងលើ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុទ្ធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងនៅព្រឹកថ្ងៃទី២១នេះថា មានករណីអ្នកជំងឺឈ្មោះ លាង វន ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិតាគឹមលើ ឃុំអន្លង់សំណរ ស្រុកជីក្រែង បានទៅឲ្យពេទ្យឈ្មោះ មិន វឌ្ឍណា ភេទស្រី អាយុ៣១ឆ្នាំ ជាពេទ្យមធ្យមបំរើការងារនៅមណ្ឌលសុខភាពជីក្រែង ព្យាបាលនៅផ្ទះពេទ្យ ភូមិអន្លង់ព្រីងលើ ឃុំអន្លង់សំណរ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរពេទ្យក៏បានដាក់សេរ៉ូមផ្អែមប្រៃឲ្យអ្នកជំងឺបានបន្តិចអ្នកជំងឺក៏ស្លាប់ទៅ។
លោកបន្តថាក្រោយមកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយខាងនគរបាលបច្ចេកទេស,ខាងនគរបាលសេដ្ឋកិច្ច និងលោកវេជ្ជបណ្ឌិត អ៊ិន ឆបឆរ័ត្ន គ្រូពេទ្យកោសល្យវិច័យ ពិនិត្យលទ្ធផលដូចខាងក្រោម។ទី១.ករណីនេះមិនមែនជារឿងឃាតកម្មទេ។ទី២.តាមការសន្និដ្ឋានរបស់គ្រូពេទ្យកោសលវិច្ឆ័យជនរងគ្រោះស្លាប់ដោយជំងឺស្ទះសសៃឈាមចិញ្ចឹមបេះដូង។ ករណីនេះត្រូវបានសមត្ថកិច្ច អះអាងថា គ្រូពេទ្យភូមិ បានប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះដែរតែ ធ្វើម៉េចបើជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក ទៅហើយទើបនឹងបញ្ជូនមក។
សមត្ថកិច្ចបន្តថា ជនរងគ្រោះមកដល់ភ្លាម គ្រូពេទ្យក៏ត្រួតពិនិត្យរួចក៏បានដាក់សេរ៉ូមប្រៃ ជួយសង្គោះបឋមសិន រួចក៏ខលហៅរថយន្តសង្គ្រោះដើម្បីនាំទៅពេទ្យខេត្ត។ប៉ុន្តែដាក់សេរ៉ូមបានតែមួយសន្ទុះជនរងគ្រោះក៏ស្លាប់តែម្តង។ បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យរួចក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕