លោក​ឧកញ៉ា​ ឃុន​ សៀ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​អរិយ​ក្សត្រ​ ខេត្តកណ្ដាល​ រិះគន់​ថា​ ឈូស​ឆាយ​ធ្វើ​ផ្លូវ​ចូល​ដី​របស់​ពួក​គាត់​

21-May-2019 | ដោយ ពលមនសិការ

​កណ្ដាល​៖​ លោក​ឧកញ៉ា​ ឃុន​ សៀ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទៃដី​អាស្រ័យ​ផល​នៅ​ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ ខេត្តកណ្ដាល​ ជាប់​ទន្លេមេគង្គ​ រិះគន់​ថា​បាន​ប្រើ​កូនចៅ​យក​គ្រឿងចក្រ​ និង​អា​ប៊ុល​ ឈូស​ឆាយ​ធ្វើ​ផ្លូវ​ រំលោភ​ចូល​ដី​កម្មសិទ្ធិ​របស់​ពួក​គាត់​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៩​។​

​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​បានឱ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ឈូស​ឆាយដី​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​របស់​ក្រុមហ៊ុន​ លោក​ឧកញ៉ា​ ឃុន​ សៀ​ នោះ​មាន​កម្លាំងប្រដាប់អាវុធ​ដូច​ជា​កម្លាំង​កងរាជអាវុធហត្ថ​ និង​កម្លាំង​នគរបាល​ផង​ដែរ​ ដើម្បី​ការពារ​ការ​រារាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។​

​សេចក្តីរាយការណ៍​មួយ​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ឧកញ៉ា​ ឃុន​ សៀ​ ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​តំបន់​ឃុំ​អរិយ​ក្សត្រ​នេះ​ ប៉ុន្ដែ​ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ គឺ​បាន​រំលោភ​ចូល​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ​គួរ​មាន​ដំណោះស្រាយ​ជា​មុន​សិន​។​ ពាក់ព័ន្ធ​ករណី​នេះ​ ស​.​ជ​.​ណ​ របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ដែល​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​ ឃុន​ សៀ​ មាន​សិទ្ធិ​ជួល​ដី​របស់​រដ្ឋ​ប្រមាណ​៧០​ហិតា​ នៅ​ភូមិ​អរិយ​ក្សត្រ​ និង​ភូមិ​ខ្សាច់​ ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ ខេត្តកណ្ដាល​ ក្នុង​រយៈពេល​៥០​ឆ្នាំ​ ។​ ប៉ុន្ដែ​ក្រុមហ៊ុន​ ត្រូវ​ដោះស្រាយ​ ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​អាស្រ័យ​ផល​ដាំ​ដំណាំ​ផ្សេងៗ​លើ​ដី​ទាំងនេះ​។​

​ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ខាងលើ​ សារព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក​ឧ​ញ៉ា​ ឃុន​ សៀ​ បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​។​ ដោយឡែក​លោក​ ម៉ៅ​ ភិ​រុណ​ អភិបាល​ខេត្តកណ្តាល​ក៏​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ដែរ​នៅ​រសៀល​ថ្ងៃនេះ​ លើ​ករណី​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ចូល​ដី​របស់​ប្រជាពលរដ្ឋ​ ដោយ​ហៅ​ទូ​ស័ព្ទ​តេ​ចូល​ មិន​មាន​អ្នក​ទទួល​៕

 

ចំនួនអ្នកទស្សនា

    20577357

  • ថ្ងៃនេះ1371
  • ម្សិលមិញ6261
  • សប្តាហ៍នេះ19751
  • ខែនេះ134901
  • ឆ្នាំនេះ134901
  • សរុប20577357