ព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថយន្ត។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៤នឹង៥០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦១-១៦២ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកLEXUS RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0795 មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ អ្នកបើកបរឈ្មោះ វង់ នាងសិន ភេទ ប្រុស អាយុ៥២ឆ្នាំ មានទីលំនៅក្រុង/ខេត្តព្រះសីហនុ (ជនជាតិចិន) និងអ្នករួមដំណើរឈ្មោះ ប៊ុន ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភ្នំពេញ។ លុះមកដល់ចំណុចខាងលើបានរេចង្កូតមកខាងឆ្វេងដៃ ខណៈពេលនោះមានរថយន្តមួយគ្រឿងម៉ាក FREIGHTER ពណ៌ត្រួយចេក-ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7354 ទិសដៅផ្ទុយគ្នាបានបុកតែម្តង អ្នកបើកបរឈ្មោះ ឈុន បូរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិតែប៉ែ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និងអ្នករួមដំណើរឈ្មោះ យិន នីតា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
មន្ត្រីនគរបាលដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យមនុស្សស្លាប់មនុស្សម្នាក់ ឈ្មោះ ឈុន ប៉រ៉ា អ្នកបើកបររថយន្ត FREIGHTER ស្លាប់នៅកន្លែងកើតហេតុ។ បច្ចុប្បន្នសាកសព កំពុងស្វែងរកសាច់ញ្ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តLEXUS បាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ រីឯវត្ថុតាង រថយន្តចំនួន០២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕