ភ្នំពេញ៖ មន្ត្រីនគរបាល នាយកដ្ឋានសុខាភិបាលក្រសួងមហាផ្ទៃ(ចូលនិវត្តន៍)ម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយលោតពីលើអគារពិនិត្យជំងឺទូទៅជាន់ទី៤ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បណ្តាលឱ្យរងរបួសធ្ងន់ និងបានស្លាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខាងលើ។
ករណីមន្ត្រីនគរបាល នាយកដ្ឋានសុខាភិបាលក្រសួងមហាផ្ទៃ(ចូលនិវត្តន៍)លោកពីលើអគារពិនិត្យជំងឺទូទៅ ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានកើតឡើងនៅចំណុចអគារពិនិត្យជំងឺទូទៅជាន់ទី៤ ផ្លូវ២៧១ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។
មន្ត្រីនគរបាលខណ្ឌចំការមនបានឱ្យដឹងថាសពជនរងគ្រោះឈ្មោះ លាវ វណ្ណារិន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២២០E3 ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរមន្ត្រីនគរបាល នាយកដ្ឋានសុខាភិបាលក្រសួងមហាផ្ទៃ(ចូលនិវត្តន៍)។
តាមការបំភ្លឺពីសន្តិសុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើខ្លួនកំពុងដើរប្រចាំការនៅក្នុងមន្ទីរពេទ្យពេលដើរមកដល់ចំណុចអគារពិនិត្យជំងឺទូទៅពេលនោះក៏ឃើញជនរងគ្រោះខាងលើ កំពុងឈរនិយាយទូរស័ព្ទនៅអគារជាន់ទី៤ ហើយបានលោតទម្លាក់ខ្លួនពីលើអគារនោះ មកជាន់ក្រោមផ្ទាល់ឥដ្ឋបណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់មកមានក្រុមគ្រូពេទ្យ និងសន្តិសុខបានលើកជនរងគ្រោះ(សព) ដាក់លើប្រង់ការបញ្ជូនទៅសង្គ្រោះក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះនិងកូនស្រីបានឱ្យដឹងថាជនរងគ្រោះមានជំងឺសរសៃរប្រាសាទរយៈពេលជាងមួយឆ្នាំមកហើយ ព្រមទាំងបានមកបើកថ្នាំពេទ្យ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន៣ទៅ៤លើកហើយ លុះនៅព្រឹកកើតហេតុកូនស្រីសព បានជូនជនរងគ្រោះមកមន្ទីរពេទ្យដើម្បីបើកថ្នាំ រួចក៏ចេញទៅធ្វើការបាត់ទៅ ចំណែកជនរងគ្រោះបានដើរចូលទៅក្នុងមន្ទីរពេទ្យម្នាក់ឯង រហូតដល់ម៉ោងកើតហេតុក៏មានខាងមន្ទីរពេទ្យទូរស័ព្ទមកថាឪពុកខ្លួនបានលោតពីលើអគារជាន់ទី៤ ចុះមកក្រោមរងរបួសធ្ងន់ធ្ងរ ក៏ចូលសង្គ្រោះបន្ទាន់។
យោងតាមការសន្និដ្ឋានរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញ និងតាមការបញ្ជាក់របស់ឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញថាជនរងគ្រោះ បានស្លាប់ដោយសារប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕