កំពង់ចាម៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡាជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិធីផ្សព្វផ្សាយអប់រំស្តីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងសុវត្ថិភាពចរាចរណ៍ ត្រូវបានរៀបចំឡើងនៅសាលាគរុកោសល្យភូមិភាគកំពង់ចាម ក្រោមវត្តមានលោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងលោក គឹម សាញ់ ជំនួយការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពជាសមាជិកគណកម្មាធិកាត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម លោកគ្រូ អ្នកគ្រូ យុវជនកាយារិទ្ធ កាកបាទក្រហម ក្រុមប្រឹក្សាយុវជន សរុបចំនួនជាង២០០នាក់។
លោក កុក ស៊ីជឿន តំណាងឲ្យអ្នកចូលរួមបានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណដល់ស្ថាប័នថ្នាក់ជាតិបានរៀបចំឲ្យមានកម្មវិធីផ្សព្វផ្សាយនេះឡើង ដែលាកម្មវិធីពិសេសឆ្លើយបតបទៅនឹងស្ថានភាពបញ្ហាគ្រឿងញៀនបច្ចុប្បន្ន ។
លោក ទុយ ស្រ៊ុន ប្រធានការិយាល័យ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្ត បានមានប្រសាសន៍ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្កការខាតបង់ធនធានមនុស្ស សម្ភារៈ ថវិកា ផ្ទាល់ខ្លួន និងសម្បត្តិសាធារណៈ ដែលជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជាយើង។
ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានមានប្រសាសន៍ជម្រាបជូនពីស្ថានភាពទូទៅនៃគ្រឿងញៀន ហើយការងារផ្សព្វផ្សាយអប់រំជាការងារអាទិភាព ដែលយើងទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ផ្ស្វព្វផ្សាយការយល់ដឹងពីបញ្ហាគ្រឿងញៀននេះដល់យុវជន ប្រជាលរដ្ឋ សម្រាប់បង្ការខ្លួនគាត់ក្រុមគ្រួសារគាត់កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន ការយល់ដឹងពីបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរារណ៍ ធ្វើឲ្យសហគមន៍មានសុវត្ថិភាព ទន្ទឹមនឹងការកោតសរសើ បានស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយអប់រំនេះឲ្យបានជាប់ជាប្រចាំដូចភ្លៀងរលឹម។
ក្នុងឱកាសនោះ ដែរ ក្នុងនាមថ្នាក់ដឹកនាំក្រសួង លោក គឹម សាញ់ បានមានប្រសាសន៍ ថាក្រសួងអប់រំ យុវជន និងកីឡា តែងតែផ្សព្វផ្សាយពីបញ្ហាផ្សេងៗមានបញ្ហាគ្រឿងញៀន ចរាចរណ៍ និងជំងឺអេដស៍។ ល។ ដែលជាបញ្ហាប្រឈមនឹងគ្រោះថ្នាក់របស់យុវជន តាមរយៈការដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា និងបានផ្តាំផ្ញើដល់អ្នកចូលរួមនិងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តស្តាប់ស្វែងយល់យកចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន និងចូលរួមឲ្យបានកាន់តែសកម្មផ្សព្វផ្សាយបន្តទៅមនុស្សជាទីស្រលាញ់កុំឲ្យជួបនូវបញ្ហាអកុសលគ្រឿងញៀន និងគ្រោះថ្នាក់ចរារណ៍ ៕