ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការដើម្បីបន្តនីតិវិធី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់សម្ភារៈប្រជាពលរដ្ឋតាមផ្លូវសាធារណៈ)។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថាជនសង្ស័យត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី នៅចំណុចមុខផ្ទះលេខ១៩អា ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកនាយការិយាល័យបន្តថាជនសង្ស័យបានប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ពណ៌ផ្ទៃមេឃ ) នៅចំណុចផ្លូវលេខ១៦៣ កែងផ្លូវលេខ៤១៨ ក្រុម២១ ភូមិ៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង២០នាទី។
ជនសង្ស័យឈ្មោះ ចាន់ សុខពៅ ហៅសុង ពៅ ហៅពៅម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៩អា ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកៈម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០១៩ លេខតួ០០៣២២៧៩ លេខម៉ាស៊ីន០០៣២២៧៩ ពាក់ស្លាកលេខ ភ្នំពេញ១HQ-៣២១៧។
ជនរងគ្រោះឈ្មោះ Zhang LiLi ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ បុគ្គលិកក្រុមហ៊ុន។ សម្ភារៈបាត់បង់ៈកាបូបយួរដៃ ពណ៌ផ្ទៃមេឃ ចំនួន០១, លិខិតឆ្លងដែន ចំនួន០១, ប្រាក់ដុល្លារ ចំនួន ៥០០០ដុល្លារអាមេរិក, ទូរស័ព្ទដៃចំនួន ០២គ្រឿង,បណ្ណបើកបររថយន្ត ចំនួន០១ ៕