ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណងពង្រឹង និងពង្រីកថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាង កម្ពុជា និងចិន។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបសំដែងការគួរសមជាមួយឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីនឹងជួបទ្វេភាគីជាមួយឯកឧត្តមទីប្រឹក្សារដ្ឋ វ៉ាង យី ដើម្បីពិភាក្សា ស៊ីជម្រៅ ស្តីពីការលើកកំពស់កិច្ចសហការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងលើវិស័យផ្សេងៗទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈជាមួយសមភាគីចិន លើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងការព្រួយបារម្ភរួម ៕