នគរបាល​ខេត្តសៀមរាប​ចាប់​ជនសង្ស័យ​ចំនួន​ ២​នាក់​ ដែល​ឆក់​កាបូប​ភ្ញៀវ​ជនជាតិ​ អ៊ឺ​រ៉​ង់​ បាន​ហើយ​

30-May-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ ជនសង្ស័យ​២​នាក់​ដែល​បាន​ឆក់​កាបូប​ភ្ញៀវ​ទេសចរ​នៅ​តាម​ផ្លូវ​ទៅ​ប្រាសាទ​អង្គរ​ បណ្តាល​ឲ្យ​រង​បួស​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​ ២០១៩​ កន្លង​ទៅ​នេះ​។​

​លោក​វរសេនីយ៍ឯក​ ហ​ហង្ស​ សូ​ផាត​ភី​រម្យ​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មាន​បទបញ្ជារ​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្តសៀមរាប​ និង​ឧត្តមសេនីយ៍ត្រី​ ភឹង​ ច​ន្តា​រ៉េ​ត​ ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ បាន​ឲ្យ​លោក​និង​កម្លាំង​នគរបាល​មូលដ្ឋាន​ ធ្វើការ​តាម​ប្រ​ម៉ា​ញ់​ ករណី​នេះ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជាក់ស្តែង​តែ​ម្តង​។​

​លោក​បន្ត​ថា​ ជា​លទ្ធផល​ សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ ទី​១.​ឈ្មោះ​រ៉េ​ត​ មក​រា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ស្រុក​កំណើត​សង្កាត់​អូរ​ឫស្សី​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​/​ខេត្តសៀមរាប​,​ ទី​២.​ឈ្មោះ​ ទីវ​ ហ៊ុន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ស្រុក​កំណើត​ភូមិ​ព្រែក​ព្រះស្តេច​ ឃុំ​/​ស្រុក​/​ខេត្តបាត់ដំបង​ ទីលំនៅ​ភូមិ​ជ្រៃ​ ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​

​សូម​រម្លឹក​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៨​ មាន​ករណី​ចោរ​ចំនួន​០៣​នាក់​ បាន​ឆក់​កាបូប​ភ្ញៀវ​ទេសចរ​បរទេស​(​ជនជាតិ​ អ៊ី​រ៉​ង់​)​ នៅ​តាម​បណ្តោយ​ផ្លូវ​កូ​ម៉ៃ​(​ផ្លូវ​ឆ្ពោះទៅ​ប្រាសាទអង្គរវត្ត​)​ដែល​បណ្តាល​អោយ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ​រង​របួស​បន្តិចបន្តួច​។​ ជាមួយ​នោះ​ដែរ​ ក្រុម​ចោរ​បាន​យក​កាបូប​ទៅ​បាត់​ ដែល​ក្នុង​កាបូប​នោះ​មាន​លុយ​លិខិតឆ្លងដែន​(Passport)​ឯកសារ​ និង​របស់របរ​មួយ​ចំនួន​ទៀត​។​

​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ភ្លាម​ សមត្ថកិច្ច​នគរបាល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ ដើម្បី​ស្រាវជ្រាវ​ និង​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ២​រូប​ផង​ដែរ​។​ ក្នុង​ឧ​ប​ទ្ទេវ​ហេតុនេះ​ រដ្ឋបាល​ខេត្ត​ បាន​គិតគូរ​ និង​យកចិត្តទុកដាក់​ចំពោះ​ជន​រង​គ្រោះ​ នូវ​ការ​ចំណាយ​មួយ​ចំនួន​ផង​ដែរ​។​

​ទន្ទឹម​នឹង​នេះ​ រដ្ឋបាល​ខេត្ត​ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សហការ​ឲ្យ​បាន​ស្អិតរ​មួ​ត​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន​ដែល​កើត​មាន​ឡើង​នៅ​នឹង​មូលដ្ឋាន​របស់​ខ្លួន​មក​សមត្ថកិច្ច​ឲ្យ​បាន​ទាន់​ពេលវេលា​ដើម្បី​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេល​។​

​ក្នុង​នោះ​ផង​ដែរ​លោក​ អភិបាលខេត្ត​សៀមរាប​ ជួយ​សា​ហ៊ុយ​ព្យាបាល​ទាំងស្រុង​ និង​ជួយ​ទាំង​សម្រួល​ឯកសារ​ក្នុង​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​វិញ​ ហើយ​លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្តសៀមរាប​ បាន​ជួយ​សា​ហ៊ុយ​ចំនួន​៥០០​ដុល្លារ​ផង​ដែរ​។​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ រាល់​ឯកសារ​ទាំងអស់​សមត្ថកិច្ច​បាន​រក​ឃើញ​និង​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​ហើយ​ ៕

ចំនួនអ្នកទស្សនា

    20578267

  • ថ្ងៃនេះ2281
  • ម្សិលមិញ6261
  • សប្តាហ៍នេះ20661
  • ខែនេះ135811
  • ឆ្នាំនេះ135811
  • សរុប20578267