សៀមរាប៖ ជនសង្ស័យ២នាក់ដែលបានឆក់កាបូបភ្ញៀវទេសចរនៅតាមផ្លូវទៅប្រាសាទអង្គរ បណ្តាលឲ្យរងបួសនោះត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះ។
លោកវរសេនីយ៍ឯក ហហង្ស សូផាតភីរម្យ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ដោយមានបទបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យលោកនិងកម្លាំងនគរបាលមូលដ្ឋាន ធ្វើការតាមប្រម៉ាញ់ ករណីនេះរហូតឈានដល់ការឃាត់ខ្លួនបានជាក់ស្តែងតែម្តង។
លោកបន្តថា ជាលទ្ធផល សមត្ថកិច្ច បានឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ទី១.ឈ្មោះរ៉េត មករា ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប, ទី២.ឈ្មោះ ទីវ ហ៊ុន ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតភូមិព្រែកព្រះស្តេច ឃុំ/ស្រុក/ខេត្តបាត់ដំបង ទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ មានករណីចោរចំនួន០៣នាក់ បានឆក់កាបូបភ្ញៀវទេសចរបរទេស(ជនជាតិ អ៊ីរ៉ង់) នៅតាមបណ្តោយផ្លូវកូម៉ៃ(ផ្លូវឆ្ពោះទៅប្រាសាទអង្គរវត្ត)ដែលបណ្តាលអោយជនរងគ្រោះធ្លាក់ពីលើរ៉ឺម៉កម៉ូតូរងរបួសបន្តិចបន្តួច។ ជាមួយនោះដែរ ក្រុមចោរបានយកកាបូបទៅបាត់ ដែលក្នុងកាបូបនោះមានលុយលិខិតឆ្លងដែន(Passport)ឯកសារ និងរបស់របរមួយចំនួនទៀត។
បន្ទាប់ពីទទួលបានព័ត៌មានពីកន្លែងកើតហេតុភ្លាម សមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីស្រាវជ្រាវ និងឈានទៅកំណត់មុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២រូបផងដែរ។ ក្នុងឧបទ្ទេវហេតុនេះ រដ្ឋបាលខេត្ត បានគិតគូរ និងយកចិត្តទុកដាក់ចំពោះជនរងគ្រោះ នូវការចំណាយមួយចំនួនផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសហការឲ្យបានស្អិតរមួតជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការផ្តល់នូវព័ត៌មានដែលកើតមានឡើងនៅនឹងមូលដ្ឋានរបស់ខ្លួនមកសមត្ថកិច្ចឲ្យបានទាន់ពេលវេលាដើម្បីបង្ក្រាបឲ្យបានទាន់ពេល។
ក្នុងនោះផងដែរលោក អភិបាលខេត្តសៀមរាប ជួយសាហ៊ុយព្យាបាលទាំងស្រុង និងជួយទាំងសម្រួលឯកសារក្នុងដំណើរត្រឡប់ទៅប្រទេសវិញ ហើយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានជួយសាហ៊ុយចំនួន៥០០ដុល្លារផងដែរ។សមត្ថកិច្ចបានបញ្ជាក់ថា រាល់ឯកសារទាំងអស់សមត្ថកិច្ចបានរកឃើញនិងប្រគល់ឲ្យជនរងគ្រោះវិញហើយ ៕