ភ្នំពេញ៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីក្នុងពិធីបិទ"វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសដោះមីនកម្រិតខ្ពស់ថ្នាក់អាស៊ាន និងតំបន់ សម្រាប់គ្រូបង្គោលក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ" ដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និង កាកសំណល់សង្គ្រាម ដោយមានការគាំទ្រ និងកិច្ចសហការពីស្ថានទូតនៃសាធារណរដ្ឋបារាំង អង្គការកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP និងបណ្តាប្រទេសជាមិត្តមួយចំនួនទៀត។
រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍របស់លោកទីប្រឹក្សាបារាំង ការប្តេជ្ញាចិត្តរបស់តំណាងសិក្ខាកាម ដែលបានបង្ហាញពីការយកចិត្តទុកដាក់ឥតឈប់ឈររបស់រដ្ឋាភិបាលបារាំងក្នុងការគាំទ្រទ័ពមួកខៀវកម្ពុជា និងចាត់ទុកសកម្មភាពមីន គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងកិច្ចអភិវឌ្ឍន៍ និងការងារមនុស្សធម៌។
ឯកឧត្តម អ៊ុច បូររិទ្ធ បានប្រសាសន៍ថាយើងមានសេចក្តីរីករាយជាអនេកដែលបណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិសំខាន់ៗបានផ្តល់ទំនុកទុកចិត្តឲ្យកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គហ្វឹកហ្វឺនជាលើកទី៣នេះ ដែលជាការបង្ហាញឲ្យឃើញពីការទទួលស្គាល់ចំពោះសមត្ថភាព និងបទពិសោធន៍របស់កងកម្លាំងកម្ពុជាលើជំនាញបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងក្នុងប្រទេស និងទាំងក្នុងបេសកកម្មប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។
តាមរយៈរបាយការណ៍ វគ្គហ្វឹកហ្វឺននេះបានដំណើរការតាមកម្មវិធីដែលបានគ្រោងទុក ដោយបានផ្តល់ឱកាសដ៏ប្រសើរបំផុតសំរាប់ប្រទេសកម្ពុជាយើងខ្ញុំដែលធ្លាប់ទទួលរងនូវផលប៉ះពាល់ដោយសារគ្រាប់មីនច្រើនជាងគេ ក៏ដូចជាកងកម្លាំងទាំងអស់ ធ្វើការផ្លាស់ប្តូរមេរៀន បទពិសោធន៍ និងលើកមតិយោបល់ល្អៗ ស្តីពីជំនាញបច្ចេកទេសដោះមីន។ ទន្ទឹមនឹងនេះ យោធាចារ្យ ព្រមទាំងសិក្ខាកាមចូលរួមទាំងអស់ បានចូលរួមចែករំលែកមេរៀន និងបទពិសោធន៍ផ្ទាល់ខ្លួន សំដៅបង្កើនវីជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដសម្រាប់ទទួលខុសត្រូវក្នុងការបំពេញភារកិច្ចមនុស្សធម៌នេះ។ ជោគជ័យដែលវគ្គហ្វឹកហ្វឺននេះទទួលបាន មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថមគាំទ្រដ៏ថ្លៃថ្លា ពីបណ្តាប្រទេសជាមិត្តដែលមានជាអាទិ៍៖ សាធារណរដ្ឋបារាំង សហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន សហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋកូរ៉េ។ ក្រៅពីនេះ នៅមានស្ថាប័នជាតិនិងអន្តរជាតិមួយចំនួនទៀតបានបញ្ជូនគ្រូបង្វឹកចូលរួមផងដែរ ដូចជា មជ្ឈមណ្ឌលជាតិ អាជ្ញាធរមីន កម្មវិធីអភិវឌ្ឍន៍ អ.ស.ប មជ្ឈមណ្ឌលសកម្មភាពមីនអាស៊ាន គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែលធ្វើឲ្យវគ្គហ្វឹកហ្វឺននេះ កាន់តែទទួលបាននូវមេរៀន និងបទពិសោធន៍ល្អៗថែមទៀត សំដៅដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ខ្លួន ក្នុងប្រតិបត្តិការរក្សាសន្តិភាពលើជំនាញបោសសម្អាតមីន រុករកនិងកម្ទេចគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ស្របតាមនិយាមរបស់ អ.ស.ប នាពេលអនាគត។
សំណល់គ្រាប់មីន និងជាតិផ្ទុះនៅកម្ពុជាត្រូវបានសង្គ្រាមរាប់ទសវត្សន៍និងជម្លោះផ្ទៃក្នុងបន្សល់ទុក ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះច្រើនជាងគេបំផុត ក្នុងពិភពលោក។ ដូចនេះ ចាប់តាំងពីកម្ពុជាចាប់ផ្តើមស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឡើងវិញ រាជរដ្ឋាភិបាលបានកំណត់យកសកម្មភាពកំចាត់មីន ជាផ្នែកមួយដ៏សំខាន់នៃការរៀបចំផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ហើយបានចាត់ទុកវិស័យសកម្មភាពកំចាត់មីន ជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៨ បន្ថែមពីលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧របស់អង្គការសហប្រជាជាតិ(SDGs)។ សម្រាប់កម្ពុជា ការបញ្ជូលវិស័យនេះគឺជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួន។ នៅក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៤ ខែកុម្ភៈ ទិវាយល់ដឹងអំពីមីន ដើម្បីរំលឹកប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់អស់ទាំងនោះ។
ដោយមានការគ្រប់គ្រង និងសម្របសម្រួលពីអាជ្ញាធរមីន និងប្រតិបត្តិករជាតិនិងអន្តរជាតិដែលមានជាអាទិ៍៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(NPMEC) មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) អង្គការ Halo Trust និងMAG ជាមួយនិងការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីប្រទេសជាមិត្តនានា គិតចាប់ពីឆ្នាំ១៩៩២មករហូតមកដល់ពេលបច្ចុប្បន្ននេះ យើងខ្ញុំបានរំដោះផ្ទៃដីប្រមាណ១៨៨១គ.មក្រឡាដែលរងផលប៉ះពាល់ដោយសារគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជូនប្រជាពលរដ្ឋ ដើម្បីសុវត្ថិភាពលំនៅដ្ឋាននិងធ្វើការអភិវឌ្ឍន៍ និងបានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១.០៦៣.៩១៨ គ្រាប់ និងគ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៤.៨៣៥គ្រាប់ ។ ចំនួនជនរងគ្រោះដោយសារមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានធ្លាក់ចុះជាបន្តបន្ទាប់ពីត្រឹមរង្វង់ ១០០នាក់នៅឆ្នាំ២០១៣ មកនៅត្រឹម ៥៨ នាក់ នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ។ ដោយឡែកនៅឆ្នាំ២០១៩ គិតពីខែមករា ដល់ខែមេសានេះ មានជនរងគ្រោះដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤៧នាក់។
ផ្អែកលើបទពិសោធន៍និងតួនាទីនាំមុខនេះហើយ ទើបកម្ពុជាបានផ្តួចផ្តើមនិងទទួលបានការគាំទ្រពីប្រទេសជាសមាជិកអាស៊ានទាំងអស់ បង្កើតនិងដំណើរការមជ្ឈមណ្ឌលតំបន់-អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) ដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ កម្ពុជាក៍បានបង្កើតវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព និង សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ដើម្បីហ្វឹកហ្វឺននាយទាហានលើផ្នែករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយបានធ្វើការផ្លាស់ប្តូរបទពិសោធន៍ពីសិក្ខាកាម និងគ្រូយោធាចារ្យនៃបណ្តាប្រទេសជាច្រើនដូចជា បារាំង ចិន ជប៉ុន សហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី សាលារក្សាសន្តិភាពក្រុងបាម៉ាកូប្រទេសម៉ាលី ។ល។
ជាការគួរឲ្យកត់សំគាល់ តាមយន្តការថ្មីរបស់អង្គការសហប្រជាជាតិ ក្នុងក្របខណ្ឌនៃការអនុវត្តការសន្យាវៃឆ្លាត( SMART PLEDGE) សម្រាប់វិស័យហ្វឹកហ្វឺន និង ការពង្រឹងសមត្ថភាពកងកម្លាំងរក្សាសន្តិភាព ដែលជាការហ្វឹកហាត់ត្រីភាគី កម្ពុជាបានទទួលគណៈប្រតិភូជំនាញហ្វឹកហ្វឺនអ.ស.ប និងជប៉ុន មកបំពេញទស្សនកិច្ចនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ដើម្បីចែករំលែកនូវបទពិសោធន៍ទៅវិញទៅមក។
រយៈពេល១៣ឆ្នាំកន្លងមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងនៅលើពិភពលោក។ អ្វីដែលជាមោទនភាពនោះ មកដល់បច្ចុប្បន្ននេះកម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមបំពេញបេសកកម្មចំនួន ៨ប្រទេស រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ឆាដ ម៉ាលី និងអាហ្វ្រិកកណ្តាល សរុបចំនួន ៦២៧៨នាក់ ក្នុងនោះនារី ចំនួន ៣១៥នាក់ ។ បច្ចុប្បន្ននេះ កម្លាំងយើងមានចំនួន ៧៨៨នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសចំនួន៥ លើជំនាញកម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មសំណង់ វិស្វកម្មព្រលានយន្តហោះ អាវុធហត្ថ នាយទាហានសង្កេតការណ៍ និងនាយទាហានសេនាធិការ ។
ក្នុងឆ្នាំ២០១៩នេះ និងទៅអនាគត កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ បន្តសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងពិភពលោកជាបន្តទៀត ដោយត្រៀមរៀបចំកម្លាំងនិងមធ្យោបាយនានា សម្រាប់ដាក់បញ្ចូលក្នុងកំរិតនៃប្រព័ន្ធរៀបរយសមត្ថភាពរក្សាសន្តិភាព (UN Peacekeeping Capacity Readiness System- UNPCRS) ។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមអរគុណចំពោះគ្រូយោធាចារ្យ និងសិក្ខាកាមអន្តរជាតិដែលបានលះបង់ពេលវេលានិងចាកឆ្ងាយពីក្រុមគ្រួសារមកចូលរួមចែករំលែកបទពិសោធន៍ ដើម្បីជាប្រយោជន៍ សេចក្តីសុខ និងសន្តិភាពជូនពិភពលោក។ ៕