ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា សាស្ត្រាចារ្យកិត្តិយសនៃសាកលវិទ្យាល័យវ៉ាសេដា ប្រទេសជប៉ុន បានចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសដើម្បីទទួលគ្រឿងឥស្សរិយយស “The Order of the Sacred Treasure, Gold Rays with Neck Ribbon” នឹងចូលបង្គំគាល់ព្រះករុណា ព្រះចៅអធិរាជ នៅព្រះបរមរាជវាំងប្រទេសជប៉ុន បន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០១៩កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ដល់បុគ្គលដែលមានស្នាដៃឆ្នើមសម្រាប់សង្គម ផលប្រយោជន៍សាធារណៈ ឬ ប្រទេសជាតិ។
លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា បានរួមចំណែកជំរុញការអប់រំ និងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា តាមរយៈការជួសជុល និងស្តារឡើងវិញនៃអង្គរ ជាពិសេសប្រាសាទបាយ័ន ក្នុងនាមលោកជាប្រធានក្រុមរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរ(JSA) ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៩៤ និងក្នុងនាមជាសហប្រធាននៃគម្រោងជប៉ុន-អប្សរាការពារប្រាសាទអង្គរ(JASA) ចាប់ពីឆ្នាំ២០០៥ ព្រមទាំងបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសកម្ពុជាជាច្រើនរូប សម្រាប់គម្រោងអង្គរជាង២៥ឆ្នាំមកនេះ។
លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា បានរួមចំណែកការជួសជុល ការស្តារឡើងវិញ និងសកម្មភាពស្រាវជ្រាវនៅប្រាសាទព្រះវិហារ និងសំបូរព្រៃគុក ដែលជាបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ របស់កម្ពុជា ក្នុងនាមលោកជាប្រធានក្រុម នៃសាកលវិទ្យាល័យវ៉ាសេដា ៕