ភ្នំពេញ៖ ឯកឧត្តម ឌីយ៉ូនីស្យូ ដាកូសតា បាបូ សូរេស(Dionisio dacosta Babo Soares) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ បានស្នើសុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គាំទ្របេក្ខភាពសភាប្រទេសខ្លួន ជាសមាជិកអន្តរសភាអាស៊ាន ដែលជាអង្គការសភារបស់ប្រទេសសមាជិកអាស៊ាននោះ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ខណៈឯកឧត្តមដឹកនាំគណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយសម្តេច នៅវិមានរដ្ឋសភា នៅក្នុងឱកាសដែល ឯកឧត្តម និងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងជំនួបនេះឯកឧត្តម ឌីយ៉ូនីស្យូ ដាកូសតា ក៏បានជម្រាប សម្តេច ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម រយៈពេលពីរថ្ងៃនៅកម្ពុជាផងដែរ។
ឯកឧត្តមបានគូសបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមិថុនា ឯកឧត្តមនិងគណៈប្រតិភូ បានជួបពិភាក្សាការងារជាទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងបានជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ។ ជាពិសេសប្រទេសទីម័រឡេស្តេបានស្នើសុំកម្ពុជាគាំទ្រដល់បេក្ខភាពរបស់ខ្លួនបានក្លាយជាសមាជិកអាស៊ាននិងអន្តរសភាអាស៊ានដែលហៅកាត់ថា អាយប៉ានោះ។
ឯកឧត្តម ឌីយ៉ូនីស្យូ ដាកូសតា បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ដល់ចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងទីម័រឡេស្តេ ពីសំណាក់ថ្នាក់ដឹកនាំប្រទេសកម្ពុជាគ្រប់ជាន់ថ្នាក់។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទីម័រឡេស្តេ ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសុខសន្តិភាពដែលកម្ពុជាកំពុងទទួលបាននាពេលនេះដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រសំណើលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ទីម័រឡេស្តេ និងបានគូសបញ្ជាក់ថា កម្ពុជារីករាយក្នុងការរួមចំណែកជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការចែករំលែកបទពិសោធន៍នានាក្នុងគោលដៅបង្រួញគម្លាត នៃការអភិវឌ្ឍប្រទេសក្នុងតំបន់ ជាពិសេសការធ្វើសមាហរណកម្មតំបន់។
សម្តេចមានប្រសាសន៍បន្តថា ជាការពិតណាស់ ដើម្បីបញ្ជាក់ពីតួនាទីដ៏សំខាន់ និងសកម្មរបស់ខ្លួន ទីម័រឡេស្តេ គប្បីទទួលបានភាពជាសមាជិកនៅក្នុងអង្គការឬវេទិកាអន្តរសភា និងក្នុងអង្គការស្ថាប័ននីតិប្រតិបត្តិដទៃៗទៀត នៅក្នុងតំបន់ និងសកលលោក។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងបន្តថា ទំនាក់ទំនងល្អរវាងកម្ពុជា-ទីម័រឡេស្តេ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ មិនត្រឹមតែនាំមកនូវឧត្តមប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងរួមចំណែកដល់ការថែរក្សាសុខសន្តិភាពក្នុងតំបន់ និងសកលលោកផងដែរ។
ឯកឧត្តម ឌីយ៉ូនីស្យូ ដាកូសតា បានអរគុណចំពោះការគាំទ្ររបស់សម្តេចប្រធានរដ្ឋសភា ដល់ប្រទេសទីម័រឡេស្តេ។ ប្រទេសទីម័រឡេស្តេក៏បានថ្លែងអំណរគុណចំពោះសម្តេចនាយករដ្ឋមន្ត្រីដែលបានផ្តល់អាហាររូបករណ៍ដល់និស្សិតទីម័រឡេស្តេ បានមកសិក្សានៅកម្ពុជានិងបានអរគុណចំពោះកម្ពុជាដែលនឹងប្តេជ្ញាចិត្តខិតខំជំរុញ ទំនាក់ទំនងពាណិជ្ជកម្ម កសិកម្ម រវាងប្រទេសទាំងពីរឲ្យកើនឡើងផងដែរ ៕