សៀមរាប៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលលួច គាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិ(មានស្ថានទម្ងន់)របស់ឈ្មោះ សូ វឿន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។
តាមការអោយដឹងពីលោកវរសេនីឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានអោយដឹងថា ជនសង្ស័យឈ្មោះ គង់ បញ្ញា ហៅ (ញ៉ា) ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅជួលបន្ទប់ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោកបន្តទៀតថា នៅវេលាម៉ោង ប្រមាណជាង១៦និង៣០នាទី មានជនសង្ស័យខាងលើបានធ្វើសកម្មភាពចូលលួចយកក្បាលម៉ាស៊ីនត្រជាក់ចំនួន01គ្រឿង,គូទក្រោយម៉ាស៊ីនត្រជាក់២គ្រឿង, កង្ហារពាក់ជញ្ជាំងម៉ាកហាតារិ(Hatari)២គ្រឿង(គ្មានស្លាប), និងគំរបកង្ហារម៉ាកហាតារិ(Hatari) ចំនួន១៥គំរប យកទៅលក់បានលុយចំនួន ១០ម៉ឺនរៀល។
ក្នុងអំឡុងពេលដែលកំពុងធ្វើសកម្មភាពត្រូវបានប្រជាការពារឃើញក៏រាយការណ៍មកសមត្ថកិច្ចហើយបានសហការគ្នាឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍សាកសួរតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចយកទ្រព្យសម្បត្តិដែលបានរៀបរាប់ខាងលើពិតប្រាកដមែន។លុះដល់ថ្ងៃទី៣ ខែឆ្នាំដដែលកម្លាំងសមត្ថកិច្ចយើងបានស្រាវជ្រាវរហូតឈានដល់ការដកហូតបានសម្ភារៈវត្ថុតាងដែលជនសង្ស័យខាងលើបានលួចយកមកទុកនៅឯផ្ទះស្ថិតនៅក្រោយសាលារៀនបន្ទាយចាស់ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ដើម្បីប្រគល់មកឲ្យជនរងគ្រោះវិញ ៕