ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​៖​ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា​និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ​ នៅ​មាន​កម្រិត​តិចតួច​នៅឡើយ​ និង​បាន​ស្នើ​ជំរុញ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​រួច​ហើយ

05-June-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​លើក​ឡើង​ថា​ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា​និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ​ នៅ​មាន​កម្រិត​តិចតួច​នៅឡើយ​ និង​បាន​ស្នើ​ជំរុញ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​រួច​ហើយ​ ដូច​ជា​កិច្ច​សហ​-​ប្រតិបត្តិការ​រវាង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ជាដើម​។​

​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​កម្ពុជា​បាន​លើក​ឡើង​ កាលពី​រសៀល​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ ក្នុង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ ឯកឧត្តម​ Dionisio​ da​ Costa​ Babo​ Soares​ រដ្ឋមន្ត្រី​ការ​បរទេស​និង​សហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ​ នៅ​ទីស្តីការក្រសួង​។​

ឯកឧត្តម​ Dionisio​ da​ Costa​ Babo​ Soares​ បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ជា​ពិសេស​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ផ្ទាល់​ ដែល​បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​មក​កម្ពុជា​ និង​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ទៅ​កាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ​ កាលពី​ឆ្នាំ​២០១៦​ ដែល​បាន​រួមចំណែក​ដល់​ការ​ពង្រឹង​នូវ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​។​

​ឯកឧត្តម​ Dionisio​ da​ Costa​ Babo​ Soares​ មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង​ក្រោយ​ពី​បាន​ស្តាប់​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក្នុង​ឱកាស​ជំនួប​សម្តែង​ការ​គួរសម​ កាលពី​ព្រឹក​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ ដោយហេតុ​ថាស​ម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​រំលឹក​អំពី​ដំណើរការ​ដាក់​បេក្ខភាព​របស់​កម្ពុជា​ជា​សមាជិក​អាស៊ាន​ នៅ​ចំ​ពេល​ដែល​ទី​ម័​រ​ឡេ​ស្តេ​ បាន​ដាក់​ស្នើ​បេក្ខភាព​របស់​ខ្លួន​ជា​សមាជិក​អាស៊ាន​ដែរ​។​

នៅ​ក្នុង​ជំនួប​នេះ​ផង​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​ បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី​ និង​តំបន់​ ដោយ​បាន​ផ្តោត​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា​ អប់រំ​ សេដ្ឋកិច្ច​ ទេសចរណ៍​ និង​បេក្ខភាព​របស់​ទី​ម័​រ​ឡេ​ស្តេ​ ជា​សមាជិក​អាស៊ាន​ ។​
​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​សម្រេច​ផ្តល់​អាហារូបករណ៍​១០​កន្លែង​ជូន​និស្សិត​ទី​ម័​រ​ឡេ​ស្តេ​ ដើម្បី​សិក្សា​នៅ​ប្រទេស​កម្ពុជា​។​ នៅ​ពេល​នេះ​សាកលវិទ្យាល័យ​កម្ពុជា​ បាន​ត្រៀម​រួចរាល់​ដើម្បី​ទទួល​និស្សិត​ នៅ​ ខែតុលា​ ឆ្នាំ​នេះ​។​

ចំពោះ​វិស័យ​ទេសចរណ៍​វិញ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​សំដែង​នូវ​ក្តី​រីករាយ​ដែល​ក្រសួងទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​បញ្ចប់​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ កិច្ចសហការ​លើ​វិស័យ​ ទេសចរណ៍​ និង​សង្ឃឹមថា​ក្រសួង​ពាក់ព័ន្ធ​ទាំង​ពីរ​ នឹង​អាច​កំណត់​ពេលវេលា​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។​

ទន្ទឹម​នឹង​នេះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​ស្នើ​ព​ន្លឿ​ន​ការ​ពិភាក្សា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ចសហការ​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ចសហការ​បច្ចេកទេស​សម្រាប់​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទិ​ក​ជាតិ​។​

ចំពោះ​បេក្ខភាព​របស់​ទី​ម័​រ​ឡេ​ស្តេ​ ចូល​ជា​សមាជិក​របស់​អាស៊ាន​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា​ កម្ពុជា​វាយតំលៃ​ខ្ពស់​និង​គាំទ្រ​បេក្ខភាព​របស់​ទី​ម័​រ​ឡេ​ស្តេ​ក្លាយជា​សមាជិក​អាស៊ាន​ ដោយ​ស្រប​ទៅ​នឹង​បំណងប្រាថ្នា​របស់​បិតា​ស្ថាបនិក​អាស៊ាន​ ដែល​ចង់​ឃើញ​ប្រទេស​នៅ​អាស៊ី​អ​គ្នេ​យ៍​ទាំងអស់​ ស្ថិត​នៅ​ក្នុង​សហគមន៍​តែ​មួយ​។​ ទន្ទឹម​នឹង​នេះ​ ទី​ម័​រ​ឡេ​ស្តេ​ត្រូវ​ស្វែងរក​ការ​គាំទ្រ​ពី​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត​ ស្រប​តាម​ធម្មនុញ​អាស៊ាន​ដែល​បាន​កំណត់​គោលការណ៍​កុង​សង់​ស៊ុ​ស​។​

​ថ្នាក់ដឹកនាំ​អាស៊ាន​បាន​ប្រគល់​ភារកិច្ច​ជូន​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ (ACC)​ រួម​មានការ​បង្កើត​ក្រុមការងារ​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ ដើម្បី​ពិភាក្សា​ចំពោះ​សំណើសុំ​របស់​ទី​ម័​រ​ឡេ​ស្តេ​។​ អាស៊ាន​នឹង​បញ្ជូន​បេសកកម្ម​ស្វែងរក​ការ​ពិត​ របស់​សហគមន៍​ទាំង​បី​របស់​អាស៊ាន​រួម​មាន​៖​សហគមន៍​សន្តិសុខ​-​នយោបាយ​ សហគមន៍​សេដ្ឋកិច្ច​ និង​សហគមន៍​សង្គម​-​វប្បធម៌​ ដើម្បី​ចុះ​ទៅ​ពិនិត្យ​វាយតំលៃ​ជាក់ស្តែង​នៅ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​ នៅ​ពេល​ខាង​មុខ​នេះ​ ៕

ចំនួនអ្នកទស្សនា

    20573667

  • ថ្ងៃនេះ3951
  • ម្សិលមិញ12101
  • សប្តាហ៍នេះ16061
  • ខែនេះ131211
  • ឆ្នាំនេះ131211
  • សរុប20573667