ព្រះសីហនុ៖ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានទទួលថវិកាសប្បុររួមមាន៖ លោកឧកញ៉ា ទៀ វិចិត្រ ៤០លានរៀល, លោក ឧកញ៉ា ឡាវ កាំង១ពាន់ដុល្លារ, អានីដួងចិត្ត ម្ចាស់ផ្ទះល្វែងបិតត្រាំង ១ពាន់ដុល្លារ, លោក ស្រី សៀ ម៉ាលីន ១លានរៀល, លោក ហេង សុវណ្ណ ១ លានរៀល ដើម្បីចូលឧបត្ថម្ភដល់កងកម្លាំង ជំនាញ និង ស្នងការ នៃអគ្គស្នងការដ្នាននគរបាលជាតិ ដែលមានស្នាដៃ ក្នុងការស្រាវជ្រាវបង្ក្រាបករណីឃាតកម្ម និងរំលោភសម្លាប់ ក្មេងប្រុស ស្រី២នាក់ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ កាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅ ដែលមានថវិកាសរុបដល់ទៅ ៤២លានរៀល និង២០០០ដុល្លារ។
លោកឧត្តមសេនីយ៍ស្នងការបានមានប្រសាសន៍ថា៖លោក នឹងពាំនាំថវិកាសប្បុរសធម៌ទាំងនេះយកទៅប្រគល់ជូនលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាន នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបែងចែកចំពោះអង្គភាពជំនាញពាក់ព័ន្ធដែលរួមគ្នាសហការក្នុងការបង្ក្រាបករណីនេះបានជោគជ័យ១០០ភាគរយ។
លោកឧត្តមសេនីយ៍ស្នងការបានសង្កត់ធ្ងន់ថា៖ ក្នុងនាមស្នងការដ្ឋាន និងក្នុងនាមលោកឧត្តមសេនីយ៍ស្នងការផ្ទាល់ សូមថ្លែងអំណរអរគុណចំពោះលោកឧកញ៉ា លោកជំទាវ លោកលោកស្រី ដែលមានចិត្តចូលរួមចំណែក ដល់កងកម្លាំងនគរបាលជាតិជាពិសេស កម្លាំងនគរបាលដែលបំពេញភារកិច្ច ជូនជាតិ និងប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ស្នងការក៏បានជូនពរដល់លោកឧកញ៉ា លោកជំទាវ លោកលោកស្រីសូមប្រកបតែសុខភាពល្អ មាំមួន និងប្រកបតែសេចក្តីសុខ និងជោគជ័យក្នុងការប្រកបមុខរបរផ្សេងៗមានការរីកចំរើនទៅមុខជានិច្ច ៕