សៀមរាប៖ នគរបាលខេត្តសៀមរាប បានឱ្យដឹងថា ជនជាតិចិនម្នាក់ ផឹកស្រាស្រវឹង ចុះមុជទឹកអាង ក្នុងសណ្ឋាគារ ប៉ារ៉ាឌីសអង្គរវិឡា បណ្តាលឱ្យគាំងបេះដូង លង់ទឹកស្លាប់ នៅវេលាម៉ោង២០និង៤០នាទីថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចសណ្ឋាគារ ប៉ារ៉ាឌីសអង្គរវិឡា ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាម។
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានអោយដឹងថា៖សពជនរងគ្រោះឈ្មោះ KECHNGIN ភេទប្រុស ឆ្នាំកំណើត1987 ជនជាតិចិន បានចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រទ្វារប្រលានយន្តហោះខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ហើយបានមកស្នាក់នៅក្នុងសណ្ឋាគារកើតហេតុខាងលើ។
បើតាមព័ត៌មានសាកសួរបំភ្លឺ ពីបុគ្គលិកដែលប្រចាំការនៅសណ្ឋាគារបានអោយដឹងថានៅវេលាម៉ោង ២០នឹង២៥នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីហូបបាយនឹងផឹកស្រារួចមក ជនរងគ្រោះបានបបួលគ្នាទៅងូតទឹកអាងលេង ដែលមានគ្នា៤នាក់ ជនជាតិចិនដូចគ្នា លុះដល់ម៉ោង២០និង៤០នាទី ក៏បានលឺសំលេងស្រែកហៅអោយជួយ ថាមានមនុស្សលង់ទឹក លុះបុគ្គលិកសណ្ឋាគារមកដល់បានឃើញមនុស្សលិចនៅបាតអាង ហើយបានស្រង់លើកមកលើ ហើយក៏រាយការណ៍ប្រាប់ប៉ូលីស។ កាពិនិត្យសាកសពនៅលើខ្លួនសពពុំមានស្នាក់ស្នាមអ្វីទេការជួយសង្គ្រោះពុំមានទឹកចេញតាមមាត់ មានតែកំអួតចេញបាយហើយធុំក្លិនតែស្រា។
ផ្អែកតាមការសន្និដ្ឋាននរបស់សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ បានបញ្ជាក់ប្រាប់អោយដឹងថា សពជនរងគ្រោះស្លាប់ដោយសាគាំងបេះដូងនៅក្នុងទឹកអាង។ ចំពោះសពជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ដើម្បីរងចាំក្រុមគ្រួសារមកទទួលយក ៕