ភ្នំពេញ៖ ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួន ករណីប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចាក់សាំងដុកប្តី កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២និង២០នាទី នៅចំណុចរោងស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលខណ្ឌដង្កោ បានឱ្យដឹងថាជនរងគ្រោះឈ្មោះ ដែន វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យឈ្មោះ រ៉ន សុភា ហៅធារ៉ា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកៈ ដបទឹកសុទ្ធដាក់សាំងចំនួន០១ និងដែកកេះពណ៌ស្វាយចំនួន០១។
មន្ត្រីនគរបាលដដែលបន្តថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២និង២០នាទី ជនរងគ្រោះឈ្មោះ ដែន វីរៈ បាននៅអង្គុយផឹកស៊ី ជាមួយកម្មករសំណង់ដូចគ្នាមិនស្គាល់ឈ្មោះ នៅរោងស្នាក់នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ផឹកស៊ីអស់ស្រាបៀរហ្គេនស្បឺតចំនួន០២កំប៉ុង។ ពេលនោះជនសង្ស័យឈ្មោះ រ៉ន សុភា ហៅធារ៉ា ត្រូវជាប្រពន្ធមិនបានរៀបការរបស់ជនរងគ្រោះ បានយកដបទឹកសុទ្ធទៅបូមសាំងពីក្នុងម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម(ម៉ូតូចាស់) បានសាំងចំនួនប្រហែល២៥០មីលីលីត្រ(250ml) ដើរសំដៅទៅរកជនរងគ្រោះ ដែលកំពុងអង្គុយផឹកស៊ីលើរោងកម្មករបុរីប៉េងហួតខាងលើ។ ហើយជនសង្ស័យក៏បានចាក់សាំងពីក្នុងដបទឹកសុទ្ធ លើភ្លៅរបស់ជនរងគ្រោះរួចដែកកេះ កេះដុត បណ្តាលអោយឆេះ ហើយជនរងគ្រោះក៏បានលោតចុះពីលើរោងស្រែកអោយអ្នកជិតខាងជួយ រួចអ្នកជិតខាងក៏បានយកទឹកមកជះពន្លត់ភ្លើង។ ហើយកម្លាំងសមត្ថកិច្ចក៏បានដល់កន្លែងកើតហេតុភ្លាមៗជួយអន្តរាគមន៍ ហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់មកសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកតាមនីតិវីច្បាប់។ ក្រោយពីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថារូបគេ(ជនសង្ស័យ)ពិតជាបានបូមសាំងពីម៉ូតូចាក់ទៅស្រោចទៅភ្លៅរបស់ជនរងគ្រោះ រួចយកដែកកេះដុតប្រាកដមែន ដោយសារជនសង្ស័យនិង ជនរងគ្រោះ បានស្រាលាញ់គ្នាជាប្តីប្រពន្ធមិនបានរៀបការត្រឹមត្រូវតាមផ្លូវច្បាប់ តាំងពីដើមឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ប្រកបមុខរបរជាកម្មករសំណង់ដូចគ្នា។ ហើយការរស់នៅជាមួយគ្នានោះ ជនរងគ្រោះតែងតែយកលុយដែលបានទៅផឹកស៊ី និងទិញថ្នាំញៀនជក់ រួចបានប្រើអំពើហិង្សាមកលើជនសង្ស័យ និងឪពុកបង្កើតរបស់ជនសង្ស័យទៀតផង ពេលជនសង្ស័យនិយាយណែនាំ កុំអោយជក់ថ្នាំញៀន ជនរងគ្រោះមិនស្តាប់តាមឡើយ ហើយបានដើរផឹកស៊ីមិនចូលកន្លែងដេក ពេលជនសង្ស័យស្តីបន្ទោសបន្តិចបន្ទួច ជនរងគ្រោះបានយកខោអាវទៅដេកកន្លែងផ្សេង ធ្វើអោយជនសង្ស័យខឹង បូមសាំងពីម៉ូតូចាក់ស្រោចលើខ្លួនជនរងគ្រោះដុតបណ្តាលអោយឆេះផ្នែកខាងមុខចាប់ពីពាក់កណ្តាលភ្លៅរហូតដល់ក្បាលរងរបួសធ្ងន់ធ្ងរ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕