កោះកុង៖ កាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៥និង១០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងប៉ុស្តិ៍ស្ទឹងវែង សហការជាមួយកម្លាំងការិយាល័យបច្ចេកទេស កម្លាំងការិយាល័យកំរិតធ្ងន់កម្លាំងអាវុធហត្ថក្រុង ពេទ្យខេត្ត ដោយមានការសម្របសម្រួល ពីលោកអ៊ីវ ត្រាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បានចុះពិនិត្យសាកសពស្លាប់ ក្នុងទឹកនៅចំណុចកែងផ្លូវលំក្បែរអង្គតែនប៉ុស្តិ៍បាយ័ន ខាងកើតសាលាសង្កាត់ស្ទឹងវែង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថាសាកសពឈ្មោះ ឆេង ណារី ភេទស្រី អាយុ៥១ឆ្នាំ ជនជតិខ្មែរ ជាមន្ត្រីយោធា បម្រើការងារនៅក្រសួងកាពារជាតិ។
ប្រភពដដែលបន្តថាមូលហេតុនៃការស្លាប់ មិនទាន់បានដឹងពិតប្រាកដនូវឡើង ព្រោះមានស្លាកស្នាម នៅក្បាលប៉ែកខាងក្រោយបែក១កន្លែង ស្នាមបែកគុម្ពត្រចៀក ១កន្លែង និងស្នាមជាំមុខខាងឆ្វេងខ្លាំង ស្នាមរលាត់ក្រោមចង្ការ១កន្លែង តែបើតាមការសួរបំភ្លឺពីម្តាយក្មេក និងប្តីរបស់សពបានប្រាប់ថា ឈ្មោះឆេង ណារី នេះកាលពីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០ជាងយប់បានផឹកស្រាស្រវឹងជោគជាំខ្លាំងដើរដួលមិនដឹងត្រូវនឹងអ្វីទេ ដើរចេញពីផ្ទះឈ្មោះ ឃុត ថាន់វិរៈ ដែលត្រូវជាប្អូនថ្លៃ បម្រើការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មានទីលំនៅភូមិស្ទឹងវែង តែម្នាក់ឯង លុះក្រោមមកម៉ោងប្រហែល១១និង៣០នាទីយប់ ទើបប្តីឈ្មោះ ភី សុភាព អាយុ៤០ឆ្នាំ ចេញទៅតាមក្រោយទៅដល់ផ្ទះរកប្រពន្ធមិនឃើញក៏ដើរមករកនៅផ្ទះម្តាយរបស់ខ្លួនទៀតតែរកមិនឃើញក៏ដើរត្រឡប់ទៅផ្ទះវិញ ហើយក៏សំរាកទៅ លុះដល់ព្រឹកឡើងទើបដើរកទៀតម៉ោង១២ជាងក៏ប្រទះឃើញអណ្តើតក្នុងទឹកកន្លែងកើតហេតុតែម្តង ។
ករណីនេះកម្លាំងនគរបាលបាននាំខ្លួនប្តីរបស់ជនរងគ្រោះមកសាកសួរ រកមូលហេតុនៅកន្លែងអធិការដ្ឋាននគរបាលក្រុង ៕