បាត់ដំបង៖ ដោយសារតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យប្តីហ៊ានកាប់ប្រពន្ធបណ្តាលឱ្យរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីកើតហេតុប្តីបានយកកាំបិតចុងស្រួចអាកសម្លាប់ខ្លួនឯងស្លាប់នៅក្រោមជណ្តើរក្រោមផ្ទះ។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថាកាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីហិង្សាមានស្ថានទម្ងន់ទោស កើតឡើងនៅវេលាម៉ោង១៧នឹង៤០នាទីល្ងាច នៅចំណុចផ្ទះលេខ១៩៦ ក្រុមទី១៣ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង។
លោកអធិការបន្តថាជនសង្ស័យឈ្មោះ រ៉ាត់ ចិត្រា ភេទ ប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។បានប្រើហិង្សាកាប់ទៅលើប្រពន្ធ ភេទស្រី ឈ្មោះ សុខ លីន អាយុ២៧ឆ្នាំ បណ្ដាលអោយរបួសធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី៥(ពពីរ)។
លោកអធិការបន្ថែមថាក្នុងខណៈពេលនោះប្ដីស្មានថាប្រពន្ធស្លាប់ក៏រត់ទៅផ្ទះអ្នកជិតខាង រួចអាកសម្លាប់ខ្លួនឯងតែម្ដងទៅ។
តាមការបំភ្លឺរបស់ឈ្មោះ គង់ សុធារិន ភេទប្រុស អាយុ៤៧ឆ្នាំ បានបញ្ជាក់ថានៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៧និង២០នាទី ពេលខ្លួនកំពុងអង្គុយផឹកស្រាបៀរនៅមុខផ្ទះជាមួយបងប្អូន ស្រាប់តែឈ្មោះ រ៉ាត់ ចិត្រា ភេទប្រុស បានដើរមកពីផ្ទះរបស់ខ្លួន ហើយបានខ្ចីកាំបិត ខ្លួនសួរថា យកកាំបិតធ្វើអីវាប្រាប់ថាយកទៅធ្វើទូរស័ព្ទ រួចវាក៏ដើរមកជិតកាំជណ្ដើរផ្ទះ ស្រាប់តែអាកសម្លាប់ខ្លួនឯងតែម្តង។ មូលហេតុ៖ បណ្ដាលមកពីការប្រច័ណ្ឌ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី ៕