សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៣

19-June-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ ប្រា​យុទ្ធ​ ច័ន្ទ​អូ​ឆា​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ និង​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ទីក្រុង​បាងកក​។​

​អញ្ជើញ​អមដំណើរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ រួម​មាន​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ឯកឧត្តម​បណ្ឌិត​ ហង់​ ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រី​អប់រំ​ យុវជន​ និង​កីឡា​ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​ ក្រោម​មូលបទ​ «​ជំរុញ​ភាព​ជា​ដៃគូ​សម្រាប់​ចីរភាព​»​ នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​ដល់​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ និង​ពង្រឹង​កុង​សង់​ស៊ុ​ស​ ក្នុង​ចំណោម​សមាជិក​អាស៊ាន​ ដើម្បី​ដោះស្រាយ​ការ​ប្រឈម​សកល​ថ្មីៗ​។​ កិច្ចប្រជុំ​កំពូល​ក៏​នឹង​រិះរក​មធ្យោបាយ​នានា​ក្នុង​ការ​ធ្វើ​ឲ្យ​អាស៊ាន​ឈាន​ទៅ​កាន់​ក​ម្រឹត​ខ្ពស់​ថែម​ទៀត​ប្រកបដោយ​ចីរភាព​ និង​មានការ​ត​ភ្ជាប់​ដោយ​រលូន​។​

​ស្រប​ពេល​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​នឹង​អញ្ជើញ​ ចូលរួម​កិច្ចប្រជុំ​ និង​កម្មវិធី​មួយ​ចំនួន​ ដូច​ខាងក្រោម​ ៖
-​ កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន​ ជាមួយ​តំណាង​អន្តរ​សភា​អាស៊ាន​
-​ កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន​ ជាមួយ​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ធុរកិច្ច​អាស៊ាន​ និង​
-​ កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន​ ជាមួយ​តំណាង​យុវជន​អាស៊ាន​។​
​ ​
​ក្នុង​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​ នេះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ កិច្ចប្រជុំ​លើក​ទី​១៩​របស់​ក្រុមប្រឹក្សា​សហគមន៍​
​នយោបាយ​-​សន្តិសុខ​អាស៊ាន​ និង​កិច្ចប្រជុំ​លើក​ទី​២៣​របស់​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ ដែល​កិច្ចប្រជុំ​ទាំងនេះ​ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​ ២១-២២​ ខែមិថុនា​ ឆ្នាំ​ ២០១៩​។​

​មានការ​រំពឹង​ទុក​ថា​ លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​ នឹង​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការ​ជំរុញ​ដំណើរការ​កសាង​សហគមន៍​ និង​លើកកម្ពស់​ភាព​ជា​ដៃគូ​របស់​អាស៊ាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ នៅ​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត​ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សន្តិភាព​ ស្ថិរភាព​ និង​វិបុលភាព​ យូរអង្វែង​ ក្នុង​តំបន់​ ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន​៕
​ ​

ចំនួនអ្នកទស្សនា

    20570927

  • ថ្ងៃនេះ1211
  • ម្សិលមិញ12101
  • សប្តាហ៍នេះ13321
  • ខែនេះ128471
  • ឆ្នាំនេះ128471
  • សរុប20570927