បន្ទាយមានជ័យ៖ កម្លាំងនគរបាល បើកប្រតិបត្តិការបង្ក្រាបកាស៊ីណូ"ឡាក់គី" ឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន១៥៥នាក់(ស្រី២នាក់) និងរឹបអូសវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតឱ្យដឹងថានៅព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៩ថា៖ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលខេត្ត និងក្រុងបាន ប្រតិបត្តិការបង្ក្រាបកាស៊ីណូយីហោ"ឡាក់គី ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ ក្នុងប្រតិបត្តិការបង្ក្រាបចាប់ពីម៉ោង៣នឹង៣០នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩រហូតដល់យប់លងអាត្រាតចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅក្នុងបរិវេណកាស៊ីណូ"ឡាក់គី"ឃាត់បានចំនួន១៥៥នាក់។
ដកហូតវត្ថុតាងមាន៖គ្រឿងញៀនប្រភេទមេតំហ្វេតាមីនប្រភេទគ្រាប់ ហៅយ៉ាម៉ា និងម្សៅពណ៌សថ្លា ហៅខេទឹកកក និងថ្នាំទឹកជាប្រភេទថ្នាំក្រវី ព្រមទាំងវត្ថុតាងជាច្រើនទៀត បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទាំងកណ្តាលយប់។
លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ដោយមានការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀនអោយអស់ហើយនិងដាក់វិធានការពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញនគរបាលខេត្តបានសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានប្រតិបត្តិការបង្ក្រាបនៅក្នុងកាស៊ីយីហោណូ"ឡាក់គី" ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន១៥៥នាក់ក្នុងនោះស្រី២នាក់ ព្រមទាំងរឹបអូសវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទ។
លោកបានបញ្ជាក់ថា៖ជនសង្ស័យដែលឃាត់ចំនួន១៥៥នាក់ស្រី២នាក់គឺមានសន្តិសុខកាស៊ីណូ មេការកាស៊ីណូ និងបុគ្គលិកកាស៊ីណូ និងជនល្មើសជួញដូរនិងចែកចាយនិងប្រើប្រាស់គ្រឿងញៀនដែលកម្លាំងនគរបាលជំនាញកំពុង សាកសួរហើយចាត់ការតាមច្បាប់៕