អនុប្រធាន​ទី​២​ ព្រឹទ្ធសភា​ ជួប​សវនាការ​ជាមួយ​ អនុប្រធាន​ក្រុមប្រឹក្សា​ លើកកម្ពស់​ការ​បង្រួបបង្រួម​ សន្តិភាព​ជាតិ​

19-June-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៨​នឹង​៣០​នាទី​ នៅ​វិមាន​ព្រឹទ្ធសភា​ ឯកឧត្តម​ ទេព​ ង​ន​ អនុប្រធាន​ទី​២​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ជួប​សវនាការ​ជាមួយនឹង​ឯកឧត្តម​ WAN​ Gang​ អនុប្រធាន​ក្រុមប្រឹក្សា​លើកកម្ពស់​ការ​បង្រួបបង្រួម​សន្តិភាព​ជាតិ​ និង​ជា​អនុប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ ក្នុង​ឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​នាម​ព្រឹទ្ធសភា​ និង​ក្នុង​នាម​ឯកឧត្តម​ផ្ទាល់​ ឯកឧត្តម​ ទេព​ ង​ន​ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ WAN​ Gang​ និង​គណៈប្រតិភូ​នៅ​ព្រះរាជាណាចក្រ​ក​ម្ព​ជា​។​ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ នឹង​បាន​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹងពង្រីក​ចំណងមិត្តភាព​ សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹង​មាំ​ រីក​ចម្រើន​លើ​គ្រប់​វិស័យ​ និង​មាន​ផលប្រយោជន៍​ដ៏​ធំធេង​ទៅ​វិញ​ទៅ​មក​ សម្រាប់​ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ទេព​ ង​ន​ បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ ជូន​ចំពោះ​ឯកឧត្តម​ WAN​ Gang​ ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រ​ជ​ជន​ចិន​។​

​ឯកឧត្តម​ ទេព​ ង​ន​ បាន​កត់​សម្គាល់ថា​ ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នា​ឱកាស​នេះ​ គឺ​មាន​សារៈសំខាន់​ និង​ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​អបអរសាទរ​ឆ្នាំ​វប្បធម៌​ និង​ទេសចរណ៍​កម្ពុជា​-​ចិន​។​ ក្នុង​រយៈពេល​៦​ ឆ្នាំ​កន្លង​ទៅ​នេះ​ ប្រទេស​ទាំង​ពីរ​បាន​ឆ្លងកាត់​នូវ​វិញ្ញាសារ​ដ៏​លំបាកៗ​ជា​ច្រើន​ ដើម្បី​ឯករាជ​ភាព​ អធិបតេយ្យភាព​ កិត្យានុភាព​ជាតិ​ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ព្រមទាំង​មាន​ប្រវត្តិ​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​ និង​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ​។​

​ឯកឧត្តម​ ទេព​ ង​ន​ បាន​រម្លឹក​ថា​ ប្រទេស​ទាំង​ពីរ​បាន​បន្ត​នូវ​ប្រពៃណី​ពី​ថ្នាក់ដឹកនាំ​ជំនាន់​មុន​ ដែល​មាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ “​ព្រះ​បរម​រតន​កោដ្ឋ​”​ ជាមួយនឹង​លោក​ប្រធាន​ ម៉ៅ​ សេ​ទុង​ និង​លោកនាយក​រដ្ឋមន្ត្រី​ ជូ​ អេ​ន​ឡាយ​ ព្រមទាំង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុន​ ដោយ​ខិតខំ​ពង្រឹងពង្រីក​ និង​លើកកម្ពស់​ចំណងមិត្តភាព​បន្ថែម​ទៀត​ រហូត​ក្លាយជា​ទំនាក់ទំនង​ “​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​”​ ។​ ជាមួយ​គ្នា​នេះ​ ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​នេះ​ ស្តែង​ឡើង​តាម​រយៈ​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ ក្រសួង​ ស្ថាប័ន​ ខេត្ត​ មហាជន​ យុវជន​ បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ញឹកញាប់​ ក្នុង​គោលបំណង​លើកកម្ពស់​ទំនាក់ទំនង​ខាង​នយោបាយ​ ការ​បរទេស​ យោធា​ នគរបាល​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ សិល្បៈ​ វប្បធម៌​ អប់រំ​ កីឡា​ និង​ចំណង​មេត្រីភាព​រវាង​ខេត្ត​-​ក្រុង​ នៃ​ប្រទេស​ទាំង​ពីរ​ ព្រមទាំង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្មោះត្រង់​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ​។​

​ក្នុង​នាម​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​ ឯកឧត្តម​ ទេព​ ង​ន​ បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន​ រដ្ឋាភិបាល​ចិន​ ដែល​មាន​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ជាមួយនឹង​ប្រជាជន​កម្ពុជា​ ហើយ​តែងតែ​ចាត់​ទុក​ការ​លំបាក​របស់​ប្រទេស​កម្ពុជា​ ជា​ការ​លំបាក​របស់​ប្រទេស​ចិន​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​ និង​យុត្តិធម៌​របស់​ប្រជាជន​កម្ពុជា​ ក្នុង​ការ​ថែរក្សា​សន្តិភាព​ ស្ថិរភាព​ សន្តិសុខ​ ក៏​ដូច​ជា​ការ​ថែរក្សា​ឯករាជ្យ​ អធិបតេយ្យភាព​ និង​បន្ត​ការ​អភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ចីរភាព​។​ប្រទេស​កម្ពុជា​បន្ត​គាំទ្រ​ឥត​ងាករេ​នូវ​គោលនយោបាយ​ចិន​តែ​មួយ​ ហើយ​ចាត់​ទុក​ប្រទេស​ចិន​ ជា​មិត្តភក្តិ​ល្អ​ បងប្អូន​ល្អ​ និង​ជា​អ្នក​ជិតខាង​ល្អ​។​

​ក្នុង​នាម​ប្រជាជន​កម្ពុជា​ និង​ក្នុង​នាម​ព្រឹទ្ធសភា​ ឯកឧត្តម​ ទេព​ ង​ន​ បាន​ថ្លែងអំណរគុណ​ និង​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​វិភាគទាន​ដ៏​ថ្លៃថ្លា​របស់​រដ្ឋាភិបាល​ និង​ប្រជាជន​ចិន​ជា​បងប្អូន​ ដែល​បាន​ចូលរួម​ចំណែក​ដ៏​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​ តាម​រយៈ​ការ​ផ្តល់​ជំនួយ​ឥត​សំណង​ ឥណទាន​គ្មាន​ការ​ប្រាក់​ ឥណទាន​សម្បទាន​ និង​ជំនួយ​បច្ចេកទេស​។​ ជំនួយ​រដ្ឋាភិបាល​ចិន​ និង​ការ​រួមចំណែក​របស់​វិស័យ​ឯកជន​ចិន​ បាន​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ និង​បាន​ផ្លាស់​ប្តូរ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ជា​លំដាប់​។​ ប្រទេស​ចិន​ និង​កម្ពុជា​ គឺជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​ និង​ជាទី​ទុកចិត្ត​បំផុត​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​។​ បើ​គ្មាន​ការ​គាំទ្រ​ដោយ​សប្បុរស​ និង​ដោយ​គ្មាន​លក្ខខណ្ឌ​ពី​ប្រទេស​ចិន​ទេ​ នោះ​កិច្ច​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ក៏​មិន​អាច​មានជោគ​ជ័យ​ដូច​ថ្ងៃនេះ​ដែរ​។​ ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​ទាំង​ពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត​ ក៏​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ប្រទេស​ចិន​បាន​ឡើយ​។​

​ឯកឧត្តម​ ទេព​ ង​ន​ បាន​កត់សម្គាល់​ឃើញ​ថា​ ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ទទួលផល​ដ៏​ធំធេង​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ ពី​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ ពី​គោលនយោបាយ​ “​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ ផ្លូវ​មួយ​”​ និង​ធនាគារ​ វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​(AIIB)​។​ លទ្ធផល​ជាក់ស្តែង​ពី​គោលនយោបាយ​ទាំង​អស់នេះ​ គឺ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភា្ជ​ប់​ផ្លូវ​ល្បឿន​លឿន​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ នឹង​ចាប់បដិសន្ធិ​ឡើង​នៅ​អំឡុង​ឆ្នាំ​២០២២​ និង​ការ​រីក​ចម្រើន​នៃ​ខេត្ត​ព្រះ​សីហ​នុ​ដ៏​ឆាប់​ រហ័ស​។​ ជាមួយ​គ្នា​នេះ​ ប្រទេស​កម្ពុជា​ក៏​ទទួល​បាន​ផលប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ពី​ក្រប​ខណ្ឌ​អាស៊ាន​-​ចិន​ អាស៊ាន​បូក​បី​ តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ាន​ និង​កិច្ច​សហប្រតិបត្តិការ​ទន្លេ​ មេគង្គ​-​ឡា​ង​ឆាង​។​ ប្រទេស​ចិន​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​មួយ​របស់​អាស៊ាន​ ហើយ​នៅ​ឆ្នាំ​២០២០​ ខាង​មុខ​ អាស៊ាន​-​ចិន​ និង​សម្រេច​គោលដៅ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​ចំនួន​មួយ​ពាន់​ពាន់​លាន​ដុល្លារ​ (១​ទ្រ៊ី​លាន​)​ និង​ការ​វិនិយោគ​ទៅ​ វិញ​ទៅ​មក​កើន​ដល់​១៥០​ ប៊ី​លាន​ដុល្លារ​ ។​
​ឯកឧត្តម​ ទេព​ ង​ន​ បាន​អបអរសាទរ​ និង​កោតសរសើរ​រដ្ឋាភិបាល​ និង​ប្រជាជន​ចិន​ ដែល​បាន​អនុវត្ត​នយោបាយ​កែទម្រង់​ និង​បើកចំហរ​ដោយ​ជោគជ័យ​ ធ្វើ​ឱ្យ​ប្រទេស​ចិន​មានការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​-​សង្គម​យ៉ាង​ខ្លាំងក្លា​ ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ មាន​កិត្យានុភាព​កាន់តែ​ខ្ពស់​ និង​តួនាទី​កាន់តែ​ធំ​លើ​ឆាក​អន្តរជាតិ​។​

​ឯកឧត្តម​ ទេព​ ង​ន​ បាន​គូសបញ្ជាក់​ថា​ ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ព្រឹទ្ធសភា​កម្ពុជា​ជាមួយនឹង​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ ត្រូវ​បាន​ពង្រឹងពង្រីក​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ថ្នាក់ដឹកនាំ​សា្ថ​ប័ន​ និង​គណៈកម្មការ​ជំនាញ​នៃ​សភា​ នៃ​ប្រទេស​ទាំង​ពីរ​ បាន​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ឆ្នាំ​។​ ឯកឧត្តម​ ទេព​ ង​ន​ ក៏​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ជំនួយ​ដ៏​ធំធេង​របស់​រដ្ឋាភិបាល​ និង​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​បន្តបន្ទាប់​ជូន​ដល់​ព្រឹទ្ធសភា​ ចាប់តាំងពី​នីតិកាល​ទី​១​ រហូត​មក​ដល់​បច្ចុប្បន្ន​។​

​ឯកឧត្តម​ ទេព​ ង​ន​ បាន​អបអរសាទរ​ និង​ជូនពរ​ដល់​បក្ស​កុម្មុយនីស្ត​ចិន​ រដ្ឋាភិបាល​ និង​ប្រជាជន​ចិន​ ក្នុង​ឱកាស​ខួប​លើក​ទី​៧០​ឆ្នាំ​ នៃ​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​នឹង​ចូល​មក​ដល់​ក្នុង​ខែតុលា​ ខាង​មុខ​នេះ​ (០១​ តុលា​ ១៩៤៩-០១​ តុលា​ ២០១៩)​ សូម​បន្ត​សម្រេច​បាន​សមិទ្ធផល​កាន់តែ​ធំធេង​ ដើម្បី​អភិវឌ្ឍ​ប្រទេស​ចិន​ឱ្យទៅ​ជា​ប្រទេស​សង្គមនិយម​ទំនើប​ ប្រកបដោយ​វិបុលភាព​ រឹង​មាំ​ ប្រជា​ធិ​ប​-​តេ​យ្យ​ វប្បធម៌​ជឿនលឿន​ ពោរពេញ​ដោយ​ភាព​សុខដុមរមនា​។​

​នា​ឱកាស​នោះ​ ឯកឧត្តម​ WAN​ Gang​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​ ដែល​បាន​ចំណាយពេល​ដ៏​មាន​តម្លៃ​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរសម​នា​ឱកាស​នេះ​។​ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​នូវ​នូវ​ទំនាក់ទំនង​ មិត្តភាព​ សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ កាន់តែ​រឹង​មាំ​ និង​ស៊ីជម្រៅ​ថែម​ទៀត​។​

​ឯកឧត្តម​ WAN​ Gang​ បាន​គូសបញ្ជាក់​ថា​ ឆ្នាំ​នេះ​គឺជា​ឆ្នាំ​គ្រប់​ខួប​លើក​ទី​៧០​ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​ជា​ខួប​លើក​ទី​៦១​ នៃ​ការ​បង្កើត​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិន​-​កម្ពុជា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ​បរម​រតន​កោដ្ឋ​ និង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុន​។​

​ឯកឧត្តម​ WAN​ Gang​ បាន​លើក​ឡើង​ថា​ ប្រទេស​ទាំង​ពីរ​បាន​ប្រារព្ធ​នូវ​ទំនាក់ទំនង​ការទូត​ពេល​៦១​ឆ្នាំ​ ហើយ​ក្នុង​ពេល​នោះ​ ប្រទេស​ទាំង​ពីរ​គឺ​បាន​គោរព​គ្នា​ និង​បាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​។​ ឯកឧត្តម​សង្ឃឹមថា​ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ ប្រទេស​ទាំង​ពីរ​នឹង​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​ ដើម្បី​ជំរុញ​ និង​ផ្តល់​ផលប្រយោជន៍​កាន់តែ​ច្រើន​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។​

​ឯកឧត្តម​ WAN​ Gang​ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​គោលនយោបាយ​ចិន​តែ​មួយ​ គាំទ្រ​ប្រទេស​ចិន​នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ និង​ក្នុង​ក្រប​ខណ្ឌ​មេគង្គ​-​ឡាន​ឆាង​។​ ឯកឧត្តម​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ចំពោះ​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ដែល​រក្សា​បា​នូវ​អត្រាកំណើន​សេដ្ឋកិច្ច​ ក្នុង​រង្វង់​៧%​ និង​មាន​ភ្ញៀវ​ទេសចរ​ចិន​កាន់តែ​ច្រើន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​ WAN​ Gang​ បាន​ជម្រាប​ថា​ បច្ចុប្បន្ន​ មាន​និស្សិត​កម្ពុជា​ដែល​រៀន​នៅ​ប្រទេស​ចិន​មាន​ចំនួន​ប្រហែល​ជាង​២.០០០​នាក់​ ក្នុង​នោះ​ក៏​មាន​អ្នកជំនាញ​ខាង​វិជ្ជា​សាស្ត្រ​មួយ​ចំនួន​ កំពុង​តែ​សិក្សា​រៀនសូត្រ​ហើយ​នា​ពេល​ខាង​មុខ​ ឯកឧត្តម​ស​ង្ឃឹ​ង​ថា​ និស្សិត​កម្ពុជា​នឹង​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​កាន់តែ​ច្រើន​ថែម​ទៀត​៕

ចំនួនអ្នកទស្សនា

    20570857

  • ថ្ងៃនេះ1141
  • ម្សិលមិញ12101
  • សប្តាហ៍នេះ13251
  • ខែនេះ128401
  • ឆ្នាំនេះ128401
  • សរុប20570857