ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរៀបចំ“កិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា-សិង្ហបុរី - លើកទី១ ដឹកនាំដោយ លោកជំទាវ ជួត បញ្ញាអនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ភីទ័រ តាន់ (Peter Tan)អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការអាស៊ី និងអាស៊ាន ក្រសួងការបរទេសសិង្ហបុរី នៅទីក្រុងភ្នំពេញ។
កិច្ចពិគ្រោះយោបល់នេះរៀបចំឡើងតាមស្មារតីនៃ- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា-សិង្ហបុរី” ដែលបានចុះហត្ថលេខាក្នុងឱកាសទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់ឯកឧត្តម វីវៀន បាឡាក់គ្រីស្អណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី កាលពីឆ្នាំ២០១៧ ក្នុងគោលបំណងតាមដាន និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់វិស័យ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ ការផ្លាស់ប្តូរទស្សនៈ គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍រួមរវាងកម្ពុជា និងសិង្ហបុរី។
ប្រទេសកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី គឺជាមិត្តដ៏យូរលង់ណាស់មកហើយ។ កម្ពុជាជាប្រទេសទី១ដែលបានទទួលស្គាល់សិង្ហបុរីបន្ទាប់ពីទទួលបានឯករាជ្យ នៅឆ្នាំ១៩៦៥។ ទំនាក់ទំនងកម្ពុជា-សិង្ហបុរីផ្តើមចេញពីអតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងគ្នា។ ទំនាក់ទំនងនេះ ត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបន្តពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅស្តែងចេញតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៅគ្រប់កំរិត និងការកើនឡើងនៃទំហំពាណិជ្ជកម្មទៅវិញទៅមក។ កិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា-សិង្ហបុរី លើកទី ១ នាពេលនេះ នឹងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និង
កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
របៀបវារៈប្រជុំខាងលើ រួមមានការពិភាក្សា និងវាយតម្លៃរួមគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យមួយចំនួន ដូចជា នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្មនិងវិនិយោគ ការអប់រំ និងអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ការងារ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរចនាសម្ព័ន្ធស្ថាប័ននិងវិស័យសុខាភិបាល និងដាក់ចេញនូវវិធានការចាំបាច់នានា សំដៅពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ឲ្យឈានឡើងកម្រិតថ្មីមួយទៀត ព្រមជាមួយគ្នានេះដែរ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនវិស័យលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក ៕