តាកែវ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អំពីការបង្ការ បង្ក្រាបអំពើជួញដូរសារធាតុញៀនដោយខុសច្បាប់ គ្រប់រូបភាពនៅតាមមូលដ្ឋាននៅថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក មឿង សារុន អធិកានគរបាលស្រុកសំរោង បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ បង្ក្រាបមុខសញ្ញារក្សាទុកជួញដូរចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់មួយករណីនៅចំណុចភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួន បានជនសង្ស័យចំនួន០២នាក់.
មន្ត្រីនគរបាលខេត្តបានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ស៊ឹម សំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ និងទី២-ឈ្មោះ ជឹម ផន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
ដកហូតវត្ថុតាងបានរួមមានៈ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន២៧កញ្ចប់(ធំ០១កញ្ចប់), ទូរស័ព្ទ០២គ្រឿង, ម៉ូតូ០២គ្រឿង(សង់ប្រើប៊ិច០១ និងណេក០១), សំបកកញ្ចប់បារី០១, ដែកកេះ០១ និងថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០៥គ្រាប់។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕