ឈើប្រណិត​ជាង​២៥០​ម៉ែត្រ​ នៅ​សណ្ឋាគារ​ អង្គរ​អេ​រ៉ា​ ត្រូវ​បាន​រឹបអូស​ជា​សម្បត្តិរ​ដ្ន​ និង​តម្រូវ​ឲ្យ​ម្ចាស់​ឈើ​ បង់​ពិន័យ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ​

05-July-2019 | ដោយ ពលមនសិការ

សៀមរាប​៖​ ក្រោយ​កម្លាំង​ចំរុះ​ឆែកឆេរ​ឃ្លាំង​ស្តុ​ប​ឈើប្រណិត​នៅ​ក្នុង​សណ្ឋាគារ​ អង្គរ​អេ​រ៉ា​ រួច​មក​ អាជ្ញាធរ​ខេត្ត​សៀម​រា​ បាន​សម្រេច​រឹបអូស​ឈើ​ប្រភេទ​លេខ​១​ ប្រមាណ​ជាង​២៥០​ម៉ែត្រ​ ពី​លោកស្រី​ គី​ ឈុ​ន​ឡេ​ង​ ម្ចាស់​សណ្ឋាគារ​អង្គរ​ អេ​រ៉ា​ មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​ និង​តម្រូវ​ឲ្យ​ម្ចាស់​ឈើ​នេះ​បង់​ពិន័យ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ​ ដោយ​មិន​មានការ​ឃាត់ខ្លួន​នោះ​ទេ​ ដែល​មាន​ទីតាំង​ស្តុក​ឈើ​មួយ​នេះ​ ស្ថិត​នៅ​ក្នុង​ក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​ ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ស្រប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ។​

​លោក​ទា​ គឹ​ម​សុទ្ធ​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខ​ប្រមាញ់​ និង​នេសាទ​ខេត្តសៀមរាប​ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ កាលពី​ព្រលប់​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៩​ម្សិលមិញ​ថា​ បន្ទាប់​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​របស់​ខ្លួន​ កាល​ល្ងាច​ថ្ងៃ​ទី​២​ មក​ដល់​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៩​ ,​ កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​ខេត្តសៀមរាប​ រួម​មាន​រដ្ឋបាល​ព្រៃឈើ​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ កងរាជអាវុធហត្ថ​ និង​តំណាង​ស្ថាប័ន​អយ្យការ​ បាន​សម្រេច​រឹបអូស​ឈើ​ចំនួន​២៥១​ម៉ែត្រត្រីគុណ​ ក្នុង​ចំណោម​ឈើ​ជាង​៥០០​ម៉ែត្រត្រីគុណ​មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​។​

​លោក​បញ្ជាក់​ថា​ ក្រៅពី​រឹបអូស​ឈើ​ អាជ្ញាធរ​ក៏​បាន​តម្រូវ​ឲ្យ​ម្ចាស់​ឈើ​បង់​ពិន័យ​ជា​ប្រាក់​គុណ​នឹង​បី​នៃ​តម្លៃ​ឈើ​ដែល​រឹបអូស​នេះ​។​ ក្នុង​ករណី​ម្ចាស់​ឈើ​មិន​ព្រម​បង់​ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​

​លោក​ទា​ គឹ​ម​សុទ្ធ​ ប្រធាន​មន្ទីរ​កសិកម្ម​ បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ ឃ្លាំង​ស្តុក​ឈើ​មួយ​កន្លែង​នេះ​ បាន​ដំណើរការ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ ហើយ​កន្លង​មក​សមត្ថកិច្ច​ក៏​ធ្លាប់​ធ្វើការ​រឹបអូស​ឈើ​ និង​ពិន័យ​ដូច​គ្នា​ក្នុង​ករណី​លើក​នេះ​ដែរ​ តែ​តាម​ការ​អង្កេត​ស្រាវជ្រាវ​កន្លង​មក​ ទីតាំង​ស្តុក​ឈើ​នេះ​ គឺ​សម្រាប់​ប្រើប្រាស់​កសាង​សណ្ឋាគារ​តែ​ប៉ុណ្ណោះ​ ៕​


ចំនួនអ្នកទស្សនា

    21269217

  • ថ្ងៃនេះ4871
  • ម្សិលមិញ6021
  • សប្តាហ៍នេះ37291
  • ខែនេះ42131
  • ឆ្នាំនេះ826761
  • សរុប21269217