ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេសភី អេចភី (ខេមបូឌា)ឯ.ក។
២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊ល ឯ.ក។
៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី។
៤- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណា-ចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ។
៥- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩ -២០២៣ ៕