ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតអោយគណៈប្រតិភូនគរបាលភូមិន្ទថៃ ដឹកនាំដោយ ឯកឧត្តម ព្រំថន ផារខាត អគ្គស្នងការរងជំនួយនគរបាលភូមិន្ទថៃ ទទួលកិច្ចការបរទេស ចូលជួបសម្តែងការគួរសមក្នុងឳកាសដែលគណៈប្រតិភូថៃ អញ្ជើញបំពេញទស្សនិច្ចការងាររយៈពេល៣ថ្ងៃ លើទឹកដីព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ព្រំថន ផារខាត និងក្រុមការងារ និងបានចាត់ទុកដំណើរទស្សនកិច្ចនេះ ជាការលើកទឹកចិត្តក្នុងកិច្ចសហប្រតិបត្តិការ និងការរឹតចំណងសាមគ្គីភាពរវាងកម្ពុជា និងប្រទេសថៃ។
ឯកឧត្តម ព្រំថន ផារខាត អគ្គស្នងការរងជំនួយនគរបាលភូមិន្ទថៃ ទទួលកិច្ចការបរទេស បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលបានអនុញ្ញាតអោយរូបលោកនិងក្រុមការងារបានជួបសម្តែងការគួរសមក្នុងឳកាសកំពុងចាប់ផ្តើមបំពេញទស្សនកិច្ច៣ថ្ងៃ នៅលើទឹកដីកម្ពុជានេះ។
ក្នុងឳកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ស្នើទៅភាគីថៃ លើការជួយបណ្តុះបណ្តាលរយៈពេលវែងនូវគ្រូបង្គោលនៃនគរបាលកម្ពុជា ការជួយផ្តល់បទពិសោធន៍លើការគ្រប់គ្រងបុរី និងបទពិសោធន៍លើកកិច្ចការគ្រប់គ្រងសន្តិសុខ និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងកម្ពុជាដែលត្រៀមនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបឆ្នាំ២០២០ និងធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមលើកដំបូងឆ្នាំ ២០២៣ ៕