កោះកុង៖ ស្រវឹងស្រាទាស់សម្តីគ្នា រហូតឈានដល់ប្រើហិង្សាកាប់បង្ករបួសស្នាម បណ្តាលឲ្យបុរសម្នាក់រងរបួសផ្ទៃមុខ និងដាច់ម្រាមដៃ២ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង១២នឹង១៥នាទីយប់ នៅចំណុចផ្ទះប្រជាពលរដ្ឋឈ្មោះ ងិន សារុន ស្ថិតនៅចំណុចវាលស្បូវ ក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង។
សមត្ថកិច្ចបានឱ្យដឹងថាហេតុការណ៍ខាងលើបង្កឡើងដោយឈ្មោះ ម៉ែន សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ នៅភូមិ-ឃុំកើតហេតុខាងលើ បានយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ម៉ៅ សារឿន ភេទប្រុស អាយុ៣៩ឆ្នាំ កាប់ចំនួន២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ត្រង់មុខ និងដាច់ម្រាមដៃចំនួន២។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯជនបង្កបានរត់គេចខ្លួន។ មូលហេតុ ៖ ស្រវឹងស្រាទំនាស់ពាក្យសម្តីគ្នា។ ករណីនេះ កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកជនបង្ក មកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕