សៀមរាប៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ក្រោមប្រធានបទ“សុខភាពដើម្បី យុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព”ត្រូវបានប្រារព្ធធ្វើក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម លី តឹង តំណាងក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពិន ប្រាកដ អភិបាលរងនិងជាប្រធានលេខាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព នៃគណៈកម្មាធិការត្រួតពិនិត្យខេត្ត ក្រុង ស្រុក ជុំវិញខេត្ត សៀមរាប កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជនកាយរិទ្ធ កាកបាទក្រហម សិស្សនុសិស្ស តុលាការ និងអ្នកពាក់ព័ន្ធសរុប៤៣០នាក់។
ឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរង និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានថ្លែងស្វាគមន៍ និងរបាយការណ៍ពីកិច្ចខិតប្រឹងប្រែងរួមគ្នាអនុវត្តតាមផែនការការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បង្ការ ទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀនក្នុងខេត្តសៀមរាបឆមាសទី១ ឆ្នាំ២០១៩នេះ បានផ្សព្វផ្សាយ និងអប់រំពី ខ្លឹមសារ ប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀននៅតាម គ្រឹះស្ថានអប់រំ វេទិកា សាធារណៈ វិទ្យុវេទិកាតុមូល និងចុះចែក-បិទខិត្តប័ណ្ណផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមគោលដៅទេសចរណ៍ កន្លែង កំសាន្តសប្បាយ នានាសរុប ចំនួន ១,៥០០លើក មានអ្នកចូលរួមសរុប ៧៦,៥៦៥នាក់ (ស្រី ៤៦,៤៧៦នាក់)និងចុះអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបើកបរយានយន្តចំនួន១៦លើកស្មើនឹង៣៨៩នាក់និងមានលទ្ធផលវិជ្ជមាន សរុបចំនួន៤២នាក់ ហើយបាន បញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត។
ឯកឧត្តម ពិន ប្រាកដ អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាបបានមានប្រសាសន៍ ដោយកោតសរសើរនិងអរគុណដល់គ្រប់អង្គភាពជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅ ខេត្តសៀមរាប ដៃគូអង្គការមិនមែន រដ្ឋាភិបាល ជាតិ អន្តរជាតិ ក៏ដូចជាវិស័យឯកជន សាសនា និង សប្បុរសជននានាដែលបានចូលរួមនិងគាំទ្រយ៉ាងសកម្មដល់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទីនិងភារកិច្ច ពាក់ព័ន្ធរៀងៗខ្លួនប្រកបដោយសម្បជញ្ញៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់ កាល នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ របស់រាជរដ្ឋាភិបាលនិងបានអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសុខមាលភាពប្រជាពលរដ្ឋ ជាមួយនឹងពាក្យស្លោក “ ចូលរួមលុបបំបាត់គ្រឿងញៀនដើម្បីអនាគតកូនចៅរបស់យើង”។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងថាប្រទេសកម្ពុជាមានភូមិសាស្ត្រនៅជិតតំបន់ត្រីកោណមាស និងអឌ្ឍច័ន្ទមាស ធ្វើឲ្យកម្ពុជានៅតែប្រឈមទៅនឹងបញ្ហាគ្រឿងញៀនដែលជាបញ្ហាសង្គមដ៏ស្មុគស្មាញសម្រាប់សង្គមមនុស្សជាតិទាំងមូល ជាមួយនេះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាបត្រូវបន្តយកចិត្តទុកដាក់លុបបំបាត់ឲ្យបានទាំងស្រុងនូវរាល់បទល្មើសជួញដូរប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកំសាន្ត ទីសប្បាយដ្ឋាននានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនមុនដំណាច់ឆ្នាំ២០១៩ ដោយសមត្ថកិច្ចទាំងអស់ត្រូវតែចៀសឱ្យបានដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ហើយការអនុវត្តដាក់ទោសទណ្ឌធ្វើទៅតាមច្បាប់ដែលមានជាធរមាន។
ក្នុងឱកាសនោះ ដែរក្នុងនាមសម្តេចក្រឡាហោម ស ខេង និងឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរព្រះគុណ និង អរគុណ ព្រមទាំងសូមកោតសរសើរដោយស្មោះចំពោះថ្នាក់ ដឹកនាំ កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការនៅតាមអង្គភាពពាក់ព័ន្ធអង្គការជាដៃគូជាតិ អន្តរជាតិ សប្បុរសជនសិល្បករ សិល្បការនី ពិធីករ ពិធីការនី អាជីវករនិងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងគាំទ្រដល់ការងារប្រយុទ្ធ ប្រឆាំង គ្រឿងញៀន នៅខេត្តសៀមរាប ហើយប្រពៃណីដ៏ល្អថ្លៃថ្លានេះនឹងស្ថិត នៅជាបន្តទៀតដើម្បីយើងទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត ៕