ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដាក់វិធានការត្រូវលុបបំបាត់ម៉ូតូទាំងឡាយណាដែលមានគ្រឿងបំពងសម្លេងលឺខ្លាំង រំខានដល់ពលរដ្ឋ។
ថ្លែងក្នុងពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាវគ្គបំប៉នជំនាញ បច្ចេកទេសវិទ្យាសាស្ត្រ និងការគ្រប់គ្រងការស្នាក់នៅជំនាន់ទី៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា ខណ្ឌដូនពេញ ត្រូវមានវិធានការមុនគេ ក្នុងការលុបបំបាត់ម៉ូតូដែលបង្កសម្លេងរំពងខ្លាំង ជាពិសេសនៅពេលរាត្រី ព្រោះវាពិតជាបានរំខានដល់ពលរដ្ឋ ជាពិសេសចាស់ៗដែលពួកគាត់ពិបាកនឹងសម្រានទៅវិញ នៅពេលភ្ញាក់ពីដំណេក។
ក្រៅពីនេះ ឯកឧត្តម ស ថេត ជំរុញឱ្យទប់ស្កាត់ការប្រណាំងម៉ូតូ ជាពិសេសក្រុមសិស្សសាលានៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលឃាត់បានហើយ ត្រូវហៅអាណាព្យាបាល ដើម្បីធ្វើកិច្ចសន្យា និងអប់រំ ៕