ឧត្តរមានជ័យ៖ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ វេលា ម៉ោង១២និង៣៧នាទី សមត្ថកិច្ចបានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីភ្នាក់ងារសម្ងាត់ក្នុងមូលដ្ឋានថាមានជនមិនស្គាល់អត្តសញ្ញាណ ទើបចេញពីថៃម្នាក់ មានកាំភ្លើងខ្លីមួយ ដើមលាក់ទុកជាប់តាមខ្លួន។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗកម្លាំងប៉ុស្តិ៍ បានចុះទៅដល់គោលដៅដែលជនខាងលើស្នាក់នៅនិងបានឃាត់ខ្លួន ឆែកឆេរ ឃើញកាំភ្លើងខ្លីម៉ាក រ៉ូឡូ ផលិតនៅប្រទេសថៃ មានលេខ៥១៨៩៩ គ្មានគ្រាប់ពិតប្រាកដមែន និងបាននាំមកសាកសួរនៅប៉ុស្តិ៍ដោយជនខាងលើមានឈ្មោះ ហួន សុខា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាកម្មករសំណង់នៅ ប្រទេសថៃ ទីលំនៅបច្ចុប្បន្នភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានប្រពន្ធឈ្មោះ ហាន មុំ អាយុ៣៥ ឆ្នាំ មុខរបរកម្មករសំណង់ ក្នុងមូលដ្ឋានមានកូនពីរនាក់។
ករណីខាងលើនេះបើតាមចម្លើយបឋមសារភាពថាកាំភ្លើង ខាងលើនេះរើសបាននៅអូរស្មាច់ កាលប្រហែល៣ឆ្នាំ មុន ហើយលាក់ទុកក្នុងចេតិយ នៅវត្តគីរីមង្គលអូរស្មាច់ លុះនៅ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ចេញពីថៃមកតាមច្រកអូរស្មាច់ ក៏ទៅយកកាំភ្លើងលាក់ទុកនោះមកវិញក្នុងគោលបំណងលក់តែចៃដន្យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងសាកសួរនិងបញ្ជូនទៅ កម្លាំងជំនាញ ក្រុងអនុវត្តតាមនីតិវិធីច្បាប់ ៕