មណ្ឌលគិរី៖ ជុំវិញការចាប់ខ្លួនឧកញ៉ា សឹង សំអុល និងបក្ខពួកចំនួន២នាក់ទៀតបានយកទៅដាក់ពន្ធនាគារខេត្តមណ្ឌលគិរី ពីសំណាក់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មន្ត្រីពាក់ព័ន្ធមួយចំនួននៅខេត្តមណ្ឌលគិរី ក៏ត្រូវបានកម្លាំងជំនាញនាំខ្លួនទៅសួរនាំ ហើយមេការក្រុមហ៊ុនម៉ាស្ទ័រខេសាន់របស់ឧកញ៉ា សឹង សំអុល ចំនួន២នាក់ កំពុងត្រូវបានអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាបង្គាប់ឲ្យចូលខ្លួន។
លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តមណ្ឌលគិរីបានថ្លែងថា តំណាងអយ្យការបានចោទប្រកាន់ឧកញ៉ា សឹង សំអុល និងគូកនចំនួន៤នាក់បទល្មើស តាមច្បាប់ស្តីពីព្រៃឈើ គឺបទប្រើប្រាស់គ្រឿងចក្រយានយន្តបម្រើឲ្យការប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ឬគ្មានស្លាកសម្គាល់, បទប្រមូលផល អនុផលព្រៃឈើដោយខុសច្បាប់, បទដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងបទធ្វើសន្និធិផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។
លោក សឹង អុល និងអ្នកពាក់ព័ន្ធ២នាក់ទៀតត្រូវបានបញ្ជូនទៅឃុំខ្លួននៅ ពន្ធនាគារខេត្តមណ្ឌលគិរី កាលពីព្រលប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។
ជុំវិញករណីនេះដែរ មន្ត្រីចំនួន៥នាក់នៅខេត្តមណ្ឌលគិរី ក៏ត្រូវបានកម្លាំងជំនាញរបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាំខ្លួនយកទៅសាកសួរពេញ១ថ្ងៃ កាលថ្ងៃទី១៣ ខែកក្កដា នៅបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តមណ្ឌលគិរី ក្នុងនោះមាន ទី១-លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទ, ទី២-លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថាន, ទី៣-លោក អ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ, ទី៤-លោក ប៉ែន ភ័ត្រា នាយកដែន ជម្រកសត្វព្រៃស្រែពក និងទី៥-លោក ហាន សុខន នាយកដែនជម្រកសត្វព្រៃភ្នំព្រេច។
ជាមួយគ្នានេះដែរ មនុស្សរបស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» ពីររូបទៀតកំពុងត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីបញ្ជាឱ្យចូលខ្លួន រួមមាន៖ លោក ណេង ម៉ៅ អាយុ៥០ឆ្នាំ តួនាទីជាអ្នកចាត់ចែងការប្រមូលឈើរបស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងលោក លោក សាំង សុខុន អាយុ២៧ឆ្នាំ ជាអ្នកចាត់ចែងរបស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិកោះសំរោង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សូមរម្លឹកថា លោក សឹង សំអុល និងគូកនត្រូវកម្លាំងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដកហូតបានវត្ថុតាងរថយន្ដជាង៤០គ្រឿង ហើយឈើដែលបានកាប់ជាច្រើនគំនរត្រូវបានកម្លាំងជំនាញរុករកឃើញ ៕