ជនជាតិ​ ភូមា​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ ឃាត់ខ្លួន​ពី​បទ​ឆបោក​(​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​)

15-July-2019 | ដោយ ពលមនសិការ

សៀមរាប​៖​ បុរស​ម្នាក់​ជនជាតិ​ ភូមា​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២១​និង​3០​នាទី​ ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៩​ ពី​បទ​ឆបោក​(​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​)​។​

​លោក​វរសេនីយ៍ត្រី​ ជា​ គឹ​ម​សាន​ ស្នងការ​រង​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​អោយ​ដឹង​ថា​៖​ជនបរទេស​រូប​នេះ​ឈ្មោះ​ OKKAR​ KYWE​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​១៩៩០​ ជា​ជនជាតិ​ ភូមា​ កាន់​លិខិតឆ្លងដែន​ (​ថតចម្លង​)​ លេខ​MA៩៩១៤៧៩​ មុខរបរ​អ្នកចាត់ការ​ទូទៅ​ របស់​ក្រុមហ៊ុន​ទេសចរណ៍​ Adventure​ Cambodia​ ស្នាក់​នៅ​ភូមិ​ គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​។​

​លោក​បាន​បន្ត​ទៀត​ថា​ កាលពី​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៩​ ជនសង្ស័យ​បាន​ចេញ​មូលប្បទានប័ត្រ​ធនាគារ​ កា​ថេ​ យូ​ណៃ​ធី​ត​ ចំនួន​ ០១​សន្លឹក​ មាន​ទឹកប្រាក់​១៥០០$​ ឲ្យ​ទៅ​សណ្ឋាគារ​រ៉ូ​យ៉ា​ល់​អង្គរ​រី​សត​ ដើម្បី​ទូទាត់​ប្រាក់​ដែល​ខ្លួន​នៅ​ជំពាក់​សណ្ឋាគារ​ថ្លៃ​បន្ទប់​ ប៉ុន្តែ​ពេល​ដែល​សណ្ឋាគារ​យក​មូលប្បទានប័ត្រ​នោះ​ទៅ​ធនាគារ​ដើម្បី​បើកប្រាក់​ ខាង​ធនាគារ​បាន​បញ្ជាក់​ថា​ មូលប្បទានប័ត្រ​នេះ​ពុំ​មាន​សាច់ប្រាក់​ទេ​ បន្ទាប់​មក​ទៀត​ជនសង្ស័យ​បាន​ព្យាយាម​ពន្យារពេល​មិន​ព្រម​ដោះស្រាយ​ជាមួយ​ខាង​សណ្ឋាគារ​រហូត​មក​ ទើបត្រូវ​ខាង​សណ្ឋាគារ​រ៉ូ​យ៉ា​ល់​អង្គរ​រី​សត​ ដាក់​ពាក្យបណ្តឹង​ប្តឹង​តែ​ម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​លោក​ កើត​ វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20570727

  • ថ្ងៃនេះ1011
  • ម្សិលមិញ12101
  • សប្តាហ៍នេះ13121
  • ខែនេះ128271
  • ឆ្នាំនេះ128271
  • សរុប20570727