បាត់ដំបង៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ក្រោមប្រធានបទ “សុខភាពដើម្បី យុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព”ត្រូវបានប្រារព្ធធ្វើក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ងួន រតនៈ អភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព នៃគណៈកម្មាធិការត្រួតពិនិត្យខេត្ត ក្រុង ស្រុក ជុំវិញខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជនកាយរិទ្ធ កាកបាទក្រហម សិស្សនុសិស្ស តុលាការនិងអ្នកពាក់ព័ន្ធសរុប២០០០នាក់។
ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបងបានថ្លែងស្វាគមន៍ និងរបាយការណ៍ពីកិច្ចខិតប្រឹងប្រែងរួមគ្នាអនុវត្តតាមផែនការការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនក្នុងខេត្តបាត់ដំបង។
ឯកឧត្តម ងួន រតនៈ អភិបាល និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង មានប្រសាសន៍ ដោយកោតសរសើរ និងអរគុណដល់គ្រប់អង្គភាពជាសមាជិកនៃគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន ខេត្តបាត់ដំបង ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់ អាវុធ គ្រប់ប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅ ខេត្តបាត់ដំបង ដៃគូអង្គការមិនមែន រដ្ឋាភិបាលជាតិ អន្តរជាតិ ក៏ដូចជាវិស័យឯកជន សាសនា និងសប្បុរសជននានា ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទី និងភារកិច្ចពាក់ព័ន្ធរៀងៗខ្លួនប្រកបដោយសម្បជញ្ញៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់កាល នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល និងបានអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសុខមាលភាពប្រជាពលរដ្ឋ ជាមួយនឹងពាក្យស្លោក “ ចូលរួមលុបបំបាត់គ្រឿងញៀនដើម្បីអនាគតកូនចៅរបស់យើង”។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងថាប្រទេសកម្ពុជាមានភូមិសាស្ត្រនៅជិតតំបន់ត្រីកោណមាស និងអឌ្ឍច័ន្ទមាស ធ្វើឲ្យកម្ពុជា នៅតែប្រឈមទៅនឹងបញ្ហាគ្រឿងញៀនដែលជាបញ្ហាសង្គមដ៏ស្មុគស្មាញ សម្រាប់សង្គមមនុស្សជាតិទាំងមូល ជាមួយនេះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង ត្រូវបន្តយកចិត្តទុកដាក់លុបបំបាត់ឲ្យបានទាំងស្រុងនូវរាល់ បទល្មើស ជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកំសាន្ត ទីសប្បាយដ្ឋាននានា បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនមុនដំណាច់ឆ្នាំ២០១៩ ដោយសមត្ថកិច្ចទាំងអស់ត្រូវតែចៀសឱ្យបានដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ហើយការអនុវត្តដាក់ទោសទណ្ឌធ្វើទៅតាមច្បាប់ដែលមានជាធរមាន។
ជាមួយនេះត្រូវពង្រឹងគុណភាព នៃការព្យាបាលនៅតាមទីកន្លែងដែលមានសេវាស្រាប់ទាំងក្នុងមណ្ឌលបណ្ដោះអាសន្នរបស់រដ្ឋ និឯកជន ក៏ដូចជាមណ្ឌលសុខភាព និងមន្ទីរ ពេទ្យ បង្អែកឱ្យបានល្អប្រសើរ ហើយការព្យាបាលស្តារនីតិសម្បទាមានភាពជោគជ័យ នាំឱ្យការកាត់បន្ថយ តម្រូវការគ្រឿងញៀនក្នុងមូលដ្ឋាននិងសហគមន៍បានជោគជ័យ ហើយការផ្គត់ផ្គង់ និងទីផ្សារជួញដូរគ្រឿងញៀនក៏ត្រូវកាត់បន្ថយ។
ក្នុងឱកាសនោះ ដែរក្នុងនាម សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរព្រះគុណនិង អរគុណព្រមទាំងសូមកោតសរសើរដោយស្មោះចំពោះថ្នាក់ ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការនៅតាមអង្គភាពពាក់ព័ន្ធអង្គការជាដៃគូជាតិ អន្តរជាតិ សប្បុរសជនសិល្បករ សិល្បការនី ពិធីករ ពិធីការនី អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន នៅខេត្តសៀមរាប ហើយប្រពៃណីដ៏ល្អថ្លៃថ្លានេះនឹងស្ថិត នៅជាបន្តទៀត ដើម្បីយើងទទួលបាន លទ្ធផលថ្មីៗបន្ថែមទៀត "ប្រើគ្រឿងញៀន បំពានច្បាប់ សម្លាប់គ្រួសារ ប្រហារសហគមន៍"។ ក្នុងពិធីនោះមានការដុតបំផ្លាញនូវគ្រឿងញៀនផងដែរ ៕