បន្ទាយមានជ័យ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន បាននាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃ នៅវត្តចំនួន២១ ទូទាំងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិមានសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្ថែមថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិបានរីកចម្រើនលើគ្រប់វិស័យ នាំមកនូវក្តីសុខសាន្តជូនប្រជាពលរដ្ឋ មានជីវភាពធូរធារមានឱកាសមកអង្គុយជួបជុំគ្នាធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ ដោយមិនមានការបារម្ភភ័យខ្លាចទាំងបញ្ហាជីវភាព និងសន្តិសុខឡើយ ហើយបុណ្យចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័ក ប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាម ដើម្បីសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្តិមានរយ:កាលបីខែចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអាស្សុជ។
ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់នៃមហាគ្រួសារអ្នកបន្ទាយមានជ័យដែលបានចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុន សែន ដើម្បីបន្តការរីកចម្រើនទាំងអស់គ្នា។
ក្នុងឱកាសដ៏សប្បាយរីករាយជិតស្និទ្ធ និងជ្រះថ្លាជាពុទ្ធសាសនិក ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកទេយ្យទាននិងទៀនព្រះវស្សាប្រគេនដល់ព្រះសង្ឃដល់វត្តទាំង២១វត្ត ក្នុង១វត្តៗទទួលបាន ទៀនវស្សា១គូ, សាដក់១, ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ៥យួរ, មី៥កេស, អង្ករ៥០គីឡូក្រាម, ទឹកផ្លែឈើ២កេស,ទឹកសុទ្ធ៥កេស, និងថវិកា១លានរៀល។
ប្រគេនព្រះសង្ឃក្នុងមួយៗអង្គ៥ម៉ឺនរៀល និងតាជី យាយជី ប្រជាពលរដ្ឋ ចូលរួម២០០នាក់ ក្នុង១ម្នាក់ៗ សារុង១ ថវិកា១ម៉ឺនរៀលផងដែរ ៕