រតនគិរី៖ កូនត្រីចម្រុះចំនួន២០.០០០ក្បាល ត្រូវបានលែងចូលក្នុងទំនប់វារីអគ្គីសនីអូរជុំទី១ ស្ថិតនៅភូមិអូជុំ ឃុំអូរជុំ ស្រុកអូរជុំខេត្តរតនគិរី នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា ដោយខណ្ឌរដ្ឋបាលជលផលខេត្ត។
ការលែងកូនត្រីរាជនេះ ក្រោមការផ្តួចផ្តើមរបស់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី។
ឯកឧត្តម ថង សាវុន បានគូសបញ្ជាក់ពីគោលបំណងដ៏សំខាន់ នៃទិវាមច្ឆាជាតិនេះ គឺដើម្បីបំផុស និងលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃធនធានជលផល ព្រមទាំងចូលរួមថែរក្សាអភិរក្សពូជត្រីសំខាន់ៗ ដែលជិតផុ តពូជ និងជីវៈចម្រុះគ្រប់ប្រភេទឲ្យបានគង់វង្ស។ បង្កើនធនធានជលផល នៅតាមបឹង.ស្ទឹង.ទន្លេ.ព្រែក.ស្រះសហគមន៍.ត្រពាំងដើម្បីធានានិរន្តរភាពនៃការនេសាទបែបធម្មជាតិ ការនេសាទជាលក្ខណៈគ្រួសារ សម្រាប់ផ្គត់ផ្គង់ជីវភាព ធានាសន្តិសុខស្បៀងនិងបង្កើនកម្រិតជីវភាពប្រជានេសាទ ឲ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបានបន្តថា ការគោរពច្បាប់ជលផល គឺជាការចូលរួម ស្រឡាញ់ធនធានមច្ឆជាតិរបស់យើងទាំងអស់គ្នា ដូចនេះ អ្នកនេសាទទាំងអស់ត្រូវឈប់នេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់លួចលាក់បន្តទៀត។ ហើការថែរក្សា និងអភិរក្សពូជត្រីសំខាន់ៗ នៅតាមទន្លេ ឬ បឹងធម្មជាតិនានា នៃខេត្តរតនគិរីយើងនេះ។ មន្ទីរកសិកម្ម និងផ្នែកជលផលត្រូវបង្កើតឲ្យមានវារីវប្បកម្មនៅតាមសហគមន៍ និងនៅក្នុងមូលដ្ឋានឲ្យបានច្រើន ដើម្បីជាប្រយោជន៍ជួយដល់ប្រជាពលរដ្ឋ នៅជុំវិញតំបន់រស់នៅផង និងជួយកាត់បន្ថយពីការពឹងផ្អែកទៅលើត្រីធម្មជាតិបានទៀតផង ៕ ដោយ ភួង ផុន