រតនគិរី៖ អភិបាលខេត្តរតនគិរីជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវប្រារព្វទិវាដាំកូនឈើដើម្បីបង្កើនគម្របព្រៃឈើបៃតងឡើងវិញឲ្យបានគ្រប់ស្រុក។
ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី មានប្រសាសន៍ក្នុងឱកាស ដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ដែលរៀបចំដោយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី នាំយកកូនឈើចម្រុះជាង២០០០ដើម មកដាំក្នុងតំបន់រមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញអោយអាជ្ញាធរគ្រប់ស្រុកប្រារព្ធពិធីរុក្ខទិវាឲ្យបានគ្រប់ៗស្រុក ដើម្បីបង្កើនគម្របព្រៃឈើបៃតងឡើងវិញ ហើយមន្ត្រីរាជការ និងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ និងបងប្អូនប្រជាពលរដ្ឋយើងក្នុងមូលដ្ឋាននីមួយៗ ត្រូវចូលរួមជួយថែរក្សាដើមឈើ និងកូនឈើ ដែលដាំរួចឲ្យ មានការលូតលាស់បានល្អ។
ឯកឧត្តមបានបន្តថា ប្រជាពលរដ្ឋក្នុងខេត្ត និងកម្លាំងសមត្ថកិច្ចទាំង៣ប្រភេទចូលរួមដាំដើមឈើ ឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីចូលរួមបង្កើន គម្របពណ៌បៃតង និងជួយបន្ថយ ការប្រែប្រួលអាកាសធាតុ នៃភពផែនដី រួមទាំងបរិស្ថាន និងធនធានធម្មជាតិ ឲ្យមាននិរន្តរភាពសម្រាប់កូនចៅយើងជំនាន់ក្រោយ។ បន្ថែមពីនេះអភិបាលខេត្តបានលើកឡើងថា ការប្រារព្ធពិធីរុក្ខទិវា៩កក្តដានេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញ នូវការខិតខំប្រឹងប្រែង យ៉ាងសកម្ម របស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រង អភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិជីវចម្រុះ ជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។
ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ត្រូវចាប់ផ្ដើមដោយមិនបង្អែរបង្អង់នូវផែនការសា្ដរព្រៃឈើ និងដាំឈើឡើងវិញ ដើម្បីរក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងភោគសម្បត្ដិធម្មជាតិ ឲ្យកាន់តែមានសម្រស់ស្រស់បំព្រង សម្រាប់សង្គមជាតិទាំងមូល៕ ដោយ ភួង ផុន