បន្ទាយមានជ័យ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ តំណាងឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យអមដំណើរដោយថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន បាននាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃ នៅវត្តចំនួន២៣ទូទាំងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡាយ គឹមលី បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខដល់មន្ត្រីរាជការ លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់នៅក្រុងប៉ោយប៉ែត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡាយ គឹមលី បានថ្លែងបន្ថែមថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិបានរីកចម្រើនលើគ្រប់វិស័យ ប្រែក្លាយព្រំដែនដែលជាតំបន់វាយប្រយុទ្ធបង្ហូរឈាមទៅជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច ឧស្សាហកម្ម បង្កើតការងារបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ មានជីវភាពធូរធារមានមកអង្គុយជុំគ្នាធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ ដោយមិនមានការបារម្ភភ័យខ្លាចទាំងបញ្ហាជីវភាព និងសន្តិសុខឡើយ ហើយបុណ្យចូលព្រះវស្សាមានរយៈកាលបីខែចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអាស្សុជ តាមព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បញ្ញត្តិឡើងដើម្បីឲ្យព្រះសង្ឃសាវ័ក ប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាម សិក្សាព្រះធម៌វិន័យ និងប្រតិបត្តិ។
ជាមួយគ្នានោះដែរឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡាយ គឹមលី បានថ្លែងអំណរគុណដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្រុងប៉ោយប៉ែត នៃមហាគ្រួសារអ្នកបន្ទាយមានជ័យដែលបានចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុន សែន ដើម្បីបន្តការអភិវឌ្ឍក្រុងប៉ោយប៉ែត របស់យើងកាន់តែរីកចម្រើនទៅមុខទៀត។
ក្នុងឱកាសសប្បាយរីករាយ និងជ្រះថ្លាជាពុទ្ធសាសនិក ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បាននាំយកទេយ្យទាននិងទៀនព្រះវស្សា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ទៅវេរប្រគេនដល់ព្រះសង្ឃវត្តទាំង២៣វត្ត ទូទាំងក្រុងប៉ោយប៉ែត ក្នុង១វត្តៗទទួលបានទៀនវស្សា១គូ សាដក់១ ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យូរ មី២កេស អង្ករ១០០គីឡូក្រាម ភេសជ្ជៈ២កេស ទឹកសុទ្ធ២កេស និងថវិកា១លានរៀល និងប្រគេនបច្ច័យព្រះសង្ឃមួយអង្គៗ៥ម៉ឺនរៀល តាជី យាយជី ម្នាក់ៗទទួលបានក្រណាត់ស ១ដុំ ថវិកា២ម៉ឺនរៀល និងប្រជាពលរដ្ឋ១០០នាក់ ម្នាក់ៗសារ៉ុង១ ថវិកា១ម៉ឺនរៀល ៕