ប៉ៃលិន៖ កាលពីវេលាម៉ោង១១នឹង២៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីចោរលួចម៉ូតូមួយកើតឡើង នៅចំណុចសណ្ឋាគារ១២ជាន់ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ មិន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបាត់ម៉ូតូមួយគ្រឿងម៉ាកHonda Click ពណ៌ស ផលិតឆ្នាំ២០១៩ លេខតួ ៨០៤៥៧៤០លេខម៉ាស៊ីន៨០៤៥៧៤០គ្មានស្លាកលេខ។
មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅធ្វើការហើយបានចាក់សោរកម៉ូតូទុកនៅក្រោមមុខកន្លែងធ្វើការ រួចចូលទៅធ្វើការជាធម្មតាលុះពេលចេញមកវិញស្រាប់តែបាត់ម៉ូតូមិនឃើញ។ ក្រោយពីបានទទួលទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើយ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានចុះស៊ើបអង្កេត និងកំណត់មុខសញ្ញា ឃើញថាជនសង្ស័យក្រោយពីបានធ្វើសកម្មភាពរួចបានយកម៉ូតូជនរងគ្រោះ ទៅខាងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗនោះលោកអធិការស្រុកសាលាក្រៅ បានរាយការណ៍សុំគោលការពីស្នងការ និងបានរាយការជូនលោកព្រះរាជអាជ្ញា តូច សុភក្ដី ដើម្បីសុំការអនុញ្ញាតពន្លាតដែនសមត្ថកិច្ចមកដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីឃាត់ខ្លួនជនសង្ស័យ។ លុះដល់មកវេលាម៉ោង១០នឹង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ទី១-ឈ្មោះ ទូច ផាត ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២-ឈ្មោះ ហៀប ឆវ័ន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពានទី២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដកហូតម៉ូតូម៉ាក ZommerX ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-7799 (ជាមធ្យោបាយរបស់ជនសង្ស័យក្នុងការប្រព្រឹត្តបទល្មើស) រីឯម៉ូតូជនរងគ្រោះម៉ាក HONDA click កម្លាំងជំនាញកំពុងស៊ើបអង្កេតបន្ត។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕