ថ្នាក់ដឹកនាំ​សភា​កម្ពុជា​សម្រេច​បង្កើត​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១​ ដែល​សភា​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២០

18-July-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សភា​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​ ដែល​ហៅ​កាត់​ថា​ “ASEP”​លើក​ទី​១១​ នៅ​ចុងឆ្នាំ​២០២០​ខាង​មុខ​នេះ​។​ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​ ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​ និង​រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្រេច​បង្កើត​គណៈកម្មការ​ អនុ​គណៈកម្មការ​ និង​លេខាធិការដ្ឋាន​ជាតិ​ រៀបចំ​កិច្ចប្រជុំ​នេះ​ និង​បាន​ផ្សព្វផ្សាយ​ផ្តើម​ដំណើរ​ការងារ​ខ្លួន​ជា​ផ្លូវការ​ចាប់ពី​ពេល​នេះ​ទៅ​។​

​ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ អនុប្រធាន​ទី​១​រដ្ឋសភា​ ត្រូវ​បាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ និង​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ សម្រេច​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​ ASEP​លើក​ទី​១១​ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ឃួ​ន​ សុ​ដា​រី​ អនុប្រធាន​ទី​២​ រដ្ឋសភា​ ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ​។​ ​ចំណែក​ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ អគ្គលេខាធិការ​រដ្ឋសភា​ ជា​ប្រធាន​លេខាធិការដ្ឋាន​ជាតិ​ ASEP​ ដោយ​មាន​ឯកឧត្តម​ ឡោក​ ឆាយ​ អគ្គលេខាធិការ​រង​ព្រឹទ្ធសភា​ ជា​អនុប្រធាន​។​

​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​(ASEP)​ មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ “Asia-Europe​ Parliamentary​ Partnership​ Meeting”​។​

ASEP​ គឺជា​ផ្នែក​មួយ​នៃ​ កិច្ចប្រជុំ​ភាព​ជា​ដៃគូ​តំបន់​អាស៊ី​-​អឺរ៉ុប​ ដែល​ហៅ​កាត់​ថា​ “ASEM”​ ។​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ ASEM​ លើក​ទី​១៣​ នៅ​ក្នុង​ឆ្នាំ​២០២០​នោះ​ដែរ​ ហើយ​សមាជិក​សភា​ដែល​ជា​ប្រទេស​សមាជិក​ ASEM​ នឹង​ត្រូវ​មក​ចូលរួម​កិច្ចប្រជុំ​ ASEP​ ដែល​សភា​កម្ពុជា​ធ្វើ​ជា​ម្ចាស់​នេះ​។​

​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​ ដែល​ហៅ​កាត់​ថា​ “ASEP”​ មាន​គោលបំណង​ជំរុញ​ទំនាក់​ទំ​ង​ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ និង​ការទូត​អន្តរជាតិ​សភា​ក្នុង​ចំណោម​សភា​ លើកកម្ពស់​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​ប្រជាជន​និង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​និង​អឺរ៉ុប​។​

​ជាមួយនឹង​ការ​ប្រកាស​សមាសភាព​ក្រុមការងារ​ទាំង​កម្រិត​ថ្នាក់ដឹកនាំ​និង​ក្រុមការងារ​បច្ចេកទេស​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ នៅ​វិមាន​រដ្ឋសភា​ ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ បាន​ជំរុញ​ឲ្យ​មានការ​ខិតខំ​បំពេញភារកិច្ច​តាម​ការ​ចាត់តាំង​របស់​ថ្នាក់ដឹកនាំ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ មាន​ប្រសិទ្ធភាព​ខ្ពស់​។​ ជា​ពិសេស​បំពេញការងារ​តាម​កាលបរិច្ឆេទ​ ឲ្យ​បាន​ទៀងទាត់​ ដូច​ជា​ការ​កំណត់​ប្រធានបទ​កិច្ចប្រជុំ​ និង​ខ្លឹមសារ​ពាក់ព័ន្ធ​នានា​។​

​ឆ្លងកាត់​បទ​ពិសោធន៍​ក្នុង​ការ​រៀបចំ​វេទិកា​អន្តរ​សភា​ជា​ច្រើន​លើក​មក​ហើយ​ ឯកឧត្តម​បណ្ឌិត​ប្រធាន​គណៈកម្មការ​រៀបចំ​ សង្ឃឹមថា​ ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​ លើក​ទី​១១​នេះ​ នឹង​ដំណើរ​ទៅ​ដោយ​រលូន​ប្រកបដោយ​ភាព​ជោគជ័យ​ លើកកម្ពស់​កិត្យានុភាព​សភា​កម្ពុជា​ និង​ប្រទេស​ជាតិ​ទាំងមូល​លើក​ឆាក​អន្តរជាតិ​បន្ត​ទៀត​ ៕


ចំនួនអ្នកទស្សនា

    20567657

  • ថ្ងៃនេះ10051
  • ម្សិលមិញ14181
  • សប្តាហ៍នេះ10051
  • ខែនេះ125201
  • ឆ្នាំនេះ125201
  • សរុប20567657