កំពង់ស្ពឺ៖ ជនជាតិចិននិងតៃវ៉ាន់ ចំនួន១៨នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនករណីចាប់ជំរិត ទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត (VOIP)។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងចំការស្វាយរបស់ឈ្មោះ ហេ ជីវអេង បានជួលឱ្យទៅឈ្មោះ រ័ត្ន ពិន ស្ថិតនៅភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់នគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថាក្រោយការឃាត់ខ្លួនជនសង្ស័យជាជនបរទេសខាងលើសមត្ថកិច្ចបានដកហូតសម្ភារៈ៖ ទូរស័ព្ទដៃ ម៉ាក អាយហ្វូន ចំនួន២១គ្រឿង, Oppo មួយគ្រឿង, សាំស៊ុងមួយគ្រឿង, ណូគា ៦គ្រឿង, អាយផេត ៤គ្រឿង, កុំព្យូទ័រលេបថប់ ៥គ្រឿង, ឌែសថប់ ១គ្រឿង, ព្រីនធើ ២គ្រឿង, ដុំWifi ២គ្រឿង, ស្ទិកឃើ១គ្រឿង, ទូរស័ព្ទលើតុ៣៣គ្រឿង (ថ្មី៨គ្រឿង), អាយកូម៦គ្រឿង, លុយដុល្លារក្លែងក្លាយ ២ដុំ (៥២សន្លឹក)។
បច្ចុប្បន្នជនបរទេសទាំង ១៨នាក់នេះ បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ៕