អ្នកនាំពាក្យ​ព្រឹទ្ធសភា​ សម្តែង​សេចក្តី​សោកស្តាយ​យ៉ាង​ខ្លាំង​ ចំពោះ​នេះ​ សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៩​

18-July-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៩​ អ្នកនាំពាក្យ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​សម្តែង​សេចក្តី​សោកស្តាយ​យ៉ាង​ខ្លាំង​ ដោយ​នា​ពេល​ថ្មីៗ​នេះ​ សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ទើបបាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៩​ ដែល​ជា​ថ្មី​ម្តងទៀត​បង្ហាញ​ឱ្យ​ឃើញជាក់ស្តែង​នូវ​ការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ ជា​រដ្ឋ​ឯករាជ្យ​ អធិបតេយ្យ​ សន្តិភាព​ អព្យាក្រឹត​ អចិន្ត្រៃយ៍​ មិន​ចូលបក្ស​សម្ព័ន្ធ​។​

​តាំងពី​ឆ្នាំ​១៩៩៣​មក​ ការ​បោះ​ឆ្នោត​ទាំងឡាយ​នៅ​កម្ពុជា​ តែង​ប្រព្រឹត្ត​ទៅ​ដោយ​ទៀងទាត់​តាម​ពេលវេលា​កំណត់​ ដោយ​មាន​គណបក្ស​ច្រើន​ចូលរួម​ ហើយ​ស្ថិត​ក្រោម​ភ្នែក​របស់​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​។​ ការ​បោះ​ឆ្នោត​ទាំងនោះ​ សុទ្ធតែ​ត្រូវ​បាន​ទទួលស្គាល់​ថា​ សេរី​ ត្រឹមត្រូវ​ យុត្តិធម៌​ និង​ទទួលយក​បាន​ទាំងអស់​គ្នា​។​

​ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​ដោយ​ខ្ជាប់ខ្ជួន​នូវ​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ និង​នីតិរដ្ឋ​។​ ព្រះរាជាណាចក្រ​កម្ពុជា​ ទទួលស្គាល់​ និង​គោរព​សិទ្ធិ​មនុស្ស​ ដូច​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​ សេចក្តី​ប្រកាស​ជាស​កល​ស្តី​ពី​សិទ្ធិ​មនុស្ស​ និង​កតិកាសញ្ញា​ ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស​ សិទ្ធិ​នារី​ និង​សិទ្ធិ​កុមារ​។​

​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ការពារ​នីត្យានុកូលភាព​ ធានា​សណ្តាប់ធ្នាប់​ និង​សន្តិ​-​សុខ​សាធារណៈ​ ហើយ​ប្រឆាំង​ដាច់ខាត​ការ​ជ្រៀតជ្រែក​ពី​បរទេស​ ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ ទោះបី​ក្រោម​រូបភាព​ណា​ក៏​ដោយ​។​

​ព្រឹទ្ធសភា​ សូម​វាយតម្លៃ​ខ្ពស់​ និង​គាំទ្រ​ការ​ខិតខំ​ជា​អតិបរមា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ជា​និច្ចកាល​យកចិត្តទុកដាក់​ជា​អាទិភាព​ ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​ឱ្យ​ទទួល​បាន​សមិទ្ធផល​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ ដើម្បី​លើកតម្កើង​ជីវភាព​រស់នៅ​ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ ព្រមទាំង​អនុវត្ត​គោលនយោបាយ​ការ​បរទេស​យ៉ាង​ឈ្លាសវៃ​ ដើម្បី​រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជាមួយ​ប្រទេស​ជិតខាង​ និង​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​។​

​ព្រឹទ្ធសភា​ សូម​គាំទ្រ​ការ​ខិតខំ​របស់​ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​អា​មេ​រិ​ក​ ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ ដោយ​ផ្អែក​លើ​ផលប្រយោជន៍​រួម​ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​៕

 

​ ​

ចំនួនអ្នកទស្សនា

    20565977

  • ថ្ងៃនេះ8371
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8371
  • ខែនេះ123521
  • ឆ្នាំនេះ123521
  • សរុប20565977