ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខុសច្បាប់ នៅកន្លែងលក់ស្រាក្រឡុក ផ្លូវបេតុង ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២និង០០នាទី។
លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌបានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ខៃ សាក់ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មុខរបរនគរបាល(ឃាត់ខ្លួន)។ ទី២-ឈ្មោះ គង់ បណ្តាល ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់ផ្ទះជួល ផ្លូវលំ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរនិស្សិត(ឃាត់ខ្លួន)។ ទី៣-ផេង ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(គេចខ្លួន)។ និងជនសង្ស័យទី៤-ឈ្មោះ មករា ភេទប្រុស អាយុប្រហែល២០ឆ្នាំ ស្នាក់នៅ និងមុខរបរមិនពិតប្រាកដ (គេចខ្លួន)។
ចំណែកជនរងគ្រោះឈ្មោះ សេន ស្រីហ្វាស់ ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦E ផ្លូវលំ ភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់សាច់គោ។
វត្ថុតាងដកហូត៖ អាវុធខ្លីម៉ាកK54 លេខ31045584 មួយដើម, បង់ចំនួនមួយ និងសម្បកកន្ទុះគ្រាប់ចំនួន២។
លោកអធិការបន្តថា មុនពេលកើតហេតុថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២៣និង០០នាទី ក្រុមជនសង្ស័យដែលមានគ្នា៤នាក់ បាននាំគ្នាចូលទៅផឹកស៊ីនៅហាង សុខមានម្លប់ស្បូវ។ លុះរហូតដល់ម៉ោងប្រហែល១និង៣០នាទី ឈានចូលថ្ងៃទី១៧ ខែកក្កដា ឈ្មោះផេង បានទៅផ្ទះមុនដោយជិះម៉ូតូធំរបស់គេចេញទៅ ហើយនៅសល់បក្ខពួក៣នាក់ នៅផឹកបន្ត។ ពេលឈ្មោះ ផេង ចេញទៅបាត់ប្រហែល៥នាទី បានជិះម៉ូតូមកវិញ ហើយហៅឈ្មោះ មករា ទៅផ្ទះជាមួយ តែឈ្មោះ មករា មិនទាន់ទៅក៏ឈ្មោះផេង ជិះម៉ូតូចេញទៅម្តងទៀត។ ក្រោយមកប្រហែល៥នាទី ឈ្មោះផេង ដដែលក៏ក្រឡប់មកវិញម្តងទៀត ហើយស្របពេលដែលបក្ខពួក៣នាក់ បានគិតលុយឈប់ផឹក ពេលនោះឈ្មោះ ផេង ប្រាប់ទៅបក្ខពួកថាមានគេគប់ខ្លួន នៅចំណុចលក់ស្រាក្រឡុក ផ្លូវបេតុង នៅក្បែរហាង សុខមានម្លប់ស្បូវនោះដែរ។ បន្ទាប់មកឈ្មោះ គង់ បណ្តាល និងឈ្មោះ ខៃ សាក់ គឺបានជិះម៉ូតូឌុបគ្នាចេញមកមុន មកដល់ចំ
ណុចកន្លែងលក់ស្រាក្រឡុក ក៏ជិះចូលទៅកន្លែងលក់ស្រាក្រឡុកដែលជាកន្លែងកើតហេតុជនរងគ្រោះកំពុងផឹកស្រាក្រឡុកគ្នាប្រហែល៤ ៥នាក់ ពេលនោះក្រុមជនរងគ្រោះបានឃើញជនសង្ស័យទាំង២នាក់ ទៅដល់ក៏នាំគ្នាហេស្ទុះមកដោយឃើញមានកាំបិត កៅអី និងខ្សែក្រវ៉ាត់ នៅនឹងដៃបម្រុងមកវាយលើជនសង្ស័យទាំង២នាក់ តែដោយសារក្រុមជនរងគ្រោះឆ្លាប់ស្គាល់អ្នកកទាំង២ទើបគេមិនបានប្រើហិង្សា តែបន្ទាប់មកទៀតជនសង្ស័យឈ្មោះផេង និងឈ្មោះ មករា បានជិះមកដល់ស្រាប់តែក្រុមជនរងគ្រោះបានទៅវាយប្រតាយប្រតប់ជាមួយឈ្មោះផេង និងឈ្មោះ មករា ហើយឈ្មោះ ខៃ សាក់ ក៏បានយកសោរម៉ូតូពីឈ្មោះ គង់ បណ្តាល ជិះចេញទៅមុនបាត់ ពេលនោះឈ្មោះ គង់ បណ្តាល បានរត់ចេញពីនោះសំដៅទៅផ្ទះជួលរបស់ខ្លួន នៅសល់តែឈ្មោះ ផេង និងឈ្មោះ មករា នៅប្រើហិង្សារទៅវិញទៅមក រហូតធ្វើអោយខាងក្រុមជនរងគ្រោះរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកឈ្មោះ ខៃ សាក់ បានទៅដល់ផ្ទះជួល នៅភូមិដើមគរ ពេលទៅដល់គឺមានអ្នកស្គាល់គ្នា ទៅប្រាប់ថា ឃាត់មិនស្តាប់ទេរឿងនោះ ឥឡូវកំពុងវាយគ្នាពេញនោះ ភ្លាមនោះឈ្មោះ ខៃ សាក់ បានយកកាំភ្លើងខ្លីក្នុងកែបម៉ូតូមិត្តភ័ក្ដ្រ ដែលទុកនៅផ្ទះជួលនោះ យកមកបាញ់ឡើងលើ មួយគ្រាប់ បន្ទាប់កជិះម៉ូតូរបស់ឈ្មោះ គង់ បណ្តាល ទៅកន្លែងកើតហេតុ តែពេលនៅដល់មិនឃើញមានអ្វីគឺស្ងប់ស្ងាត់ ក៏បានបាញ់ឡើងលើចំនួន២គ្រាប់ទៀត រួចជិះម៉ូតូទៅស្រុកនៅឯមុខកំពូល មួយម៉ោងក្រោយទើបតេទូរស័ព្ទមកប្រាប់ឈ្មោះ គង់ បណ្តាលថាខ្លួនយកម៉ូតូជិះមកស្រុក ហើយរហូតព្រឹកឡើងទើបមកភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕