សម្តេច​ប្រធានរដ្ឋសភា​ ជឿជាក់​ថា​ ឯកអគ្គរដ្ឋទូត​ស៊ុ​យ​អែ​ត​ចប់​អាណត្តិ​ បានឃើញ​ពី​ការ​អភិវឌ្ឍ​និង​សភាព​ការ​ពិត​នៅ​កម្ពុជា​ដែល​ផ្ទុយ​ពី​ការ​បំពង​សំឡេង​ពី​ខាងក្រៅ​

22-July-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​ ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​ ប្រទេស​ស៊ុត​អែ​ត​ ប្រចាំ​នៅ​កម្ពុជា​ លោក​ជំទាវ​ ម៉ា​រៀ​ សា​ហ្គ្រេ​ន​ (H.E.​ Ms.​ Maria​ Sargren)​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​លើក​ឡើង​ថា​ សម្តេច​ជឿជាក់​ថា​ ប៉ុន្មាន​ឆ្នាំ​នៃ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​ របស់​លោក​ជំទាវ​ ពិតជា​បានឃើញ​ជាក់ស្តែង​ ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ជា​បន្តបន្ទាប់​របស់​កម្ពុជា​ រួម​ទាំង​សភាពការណ៍​ពិត​នៅ​កម្ពុជា​ ដែល​ផ្ទុយ​ពី​ការ​បំពង​សំឡេង​ នៅ​ខាងក្រៅ​ ដើម្បី​ផលប្រយោជន៍​នយោបាយ​នោះ​។​

​លោក​ជំទាវ​ ម៉ា​រៀ​ សា​ហ្គ្រេ​ន​ បាន​អបអរសាទរ​ពី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ដែល​ជាក​ក្តា​សំខាន់​នៅ​ក្នុង​ការ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍​។​

​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ បាន​ជម្រាប​សម្តេច​ប្រធានរដ្ឋសភា​ថា​ ប្រទេស​ស៊ុ​យ​អ៊ែ​ត​ បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​កម្ពុជា​ជា​ច្រើន​វិស័យ​ មាន​ដូច​ជា​ ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ ការ​អប់រំ​ ការ​អភិវឌ្ឍ​សហគមន៍​ ការ​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​សមភាព​យេ​ន​ឌ័​រ​ ជាដើម​។​

​នៅ​ក្នុង​បេសកកម្ម​ការទូត​ ៣​ឆ្នាំ​នៅ​កម្ពុជា​ លោក​ជំទាវ​ មាន​ក្តី​សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង​ ដែល​បានឃើញ​ចំណងមិត្តភាព​ កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ មានការ​រីក​ចម្រើន​ ទាំង​ផ្នែក​ពាណិជ្ជកម្ម​ ការទូត​ និង​វប្បធម៌​។​

​ស៊ុ​យ​ អែ​ត​ ជា​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ក្នុង​សហ​គម​អឺរ៉ុប​ ដែល​បាន​ជួយ​កម្ពុជា​ចាប់ពី​របប​ខ្មែរក្រហម​បាន​ដួល​រលំ​ និង​ជា​បន្តបន្ទាប់​មក​។​ មុន​ចាក​ចេញពី​កម្ពុជា​ នៅ​ពេល​បញ្ចប់​បេសកកម្ម​ការទូត​លោក​ជំទាវ​ ម៉ា​រៀ​ សា​ហ្គ្រេ​ន​(​ H.E.​ Ms.​ Maria​ Sargren​ )​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​វិមាន​រដ្ឋសភា​។​

សម្តេច​ប្រធានរដ្ឋសភា​ បាន​សម្តែង​ការ​ពេញចិត្ត​ និង​គាំទ្រ​ចំពោះ​លទ្ធផល​ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ជំទាវ​ ឯកអគ្គរដ្ឋទូត​ ក៏​ដូច​ជា​ឯកអគ្គរដ្ឋទូត​ស៊ុ​យ​អែ​ត​មុនៗ​ ដែល​បាន​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​ ជា​ប្រភព​នាំ​មក​នូវ​ឧត្តម​ប្រយោជន៍​ជាក់ស្តែង​សម្រាប់​ប្រជាជាតិ​ទាំង​សងខាង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​លើក​ឡើង​ថា​ តាម​រយៈ​ទីភ្នាក់ងារ​អភិវឌ្ឍ​ស៊ី​ដា​ ស៊ុ​យ​អែ​ត​ បាន​ដើរតួ​យ៉ាង​សំខាន់​ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​។​ រយៈពេល​ ជាង​ ៥​ឆ្នាំ​មកនេះ​ ស៊ី​ដា​ បាន​ផ្តល់​ជំនួយ​អភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ​ ក្នុង​ចំនួន​ទឹកប្រាក់​ជាង​ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​។​ សម្តេច​បាន​ចាត់​ទុក​ស៊ុ​យ​អែ​ត​ ជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់​របស់​កម្ពុជា​។​

​ជាមួយ​គ្នា​នេះ​សម្តេច​ប្រធានរដ្ឋសភា​ បាន​អរគុណ​ដល់​ប្រទេស​ស៊ុ​យ​អ៊ែ​ត​ដែល​បាន​ជួយ​ជំនួយ​បច្ចេកទេស​ដល់​រដ្ឋសភា​ លើ​ការ​អភិវឌ្ឍន៍​ និង​លើកកម្ពស់​សមត្ថភាព​របស់​តំណាងរាស្ត្រ​ និង​មន្ត្រី​ជំនាញ​តាម​រយៈ​ការ​រៀបចំ​ទស្សនកិច្ច​សិក្សា​ ការ​រៀបចំ​សិក្ខាសាលា​ និង​វគ្គ​បណ្តុះបណ្តាល​នានា​។​

​សម្តេច​បាន​សំណូមពរ​ដល់​ប្រទេស​ស៊ុ​យ​អែ​ត​ បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ផ្តល់​អាហារូបករណ៍​ ដល់​និស្សិត​កម្ពុជា​ និង​ក្រុម​អ្នក​ស្រាវជ្រាវ​ ដើម្បី​ពង្រឹង​ សមត្ថភាព​ជំនាញ​ ក្នុង​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ លើ​វិស័យ​អាទិភាព​ ដូច​ជា​ការ​អភិវឌ្ឍ​កសិកម្ម​ ការ​អភិវឌ្ឍ​ទីក្រុង​វ៉ៃ​ឆ្លាត​ ទេសចរណ៍​ សហគ្រិន​ស្ត្រី​ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ ជាដើម​។​

សម្តេច​ប្រធានរដ្ឋសភា​ មាន​ក្តី​សង្ឃឹមថា​ ទោះបី​ លោក​ជំទាវ​ ម៉ា​រៀ​ សា​ហ្គ្រេ​ន​ បាន​បញ្ចប់​បេសកកម្ម​ការទូត​ពី​កម្ពុជា​ ទៅ​ទទួល​បេសកកម្ម​ ការងារ​ថ្មី​នៅ​ទីណា​ក៏​ដោយ​ ក៏​លោក​ជំទាវ​នៅ​តែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​ និង​បន្ត​ជួយ​ផ្សព្វផ្សាយ​ លើកទឹកចិត្ត​ដល់​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរណ៍​ មក​កំសាន្ត​នៅ​កម្ពុជា​ ៕

 


ចំនួនអ្នកទស្សនា

    20565787

  • ថ្ងៃនេះ8181
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8181
  • ខែនេះ123331
  • ឆ្នាំនេះ123331
  • សរុប20565787