កំពង់ធំ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពង្រឹងការងារសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ដោយមានការអញ្ជើញចូលរួម លោកស្នងការរងផែនសណ្ដាប់ធ្នាប់ លោកនាយការិយាល័យ លោកនាយរង
ការិយាល័យ លោក អធិការរងទទួលការងារសណ្ដាប់ធ្នាប់ លោកនាយ នាយរងផ្នែក មន្ត្រីនគរបាលចំណុះឲ្យការិយាល័យចរាចរណ៍ផ្លូវគោក និងការិយាល័យសណ្ដាប់ធ្នាប់ ចូលរួមប្រមាណ៨១នាក់ ស្រី០៩នាក់។
លោកឧត្តមសេនីយ៍ត្រី កែវ ហួរ ស្នងការរងផែនការងារសណ្ដាប់ធ្នាប់ បានអានផែនការសកម្មភាព ស្ដីពីការអនុវត្តវិធានការបន្ទាន់ក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍សំណេះសំណាល និងនាំយកប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់ថ្នាក់ដឹកនាំ ដែលបានផ្ដាំផ្ញើតាមរយ:លោកស្នងការ បន្ទាប់ពីលោកស្នងការបានចូលរួមប្រជុំកន្លងមក។ ជាពិសេសប្រសាសន៍ផ្តាំផ្ញើរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រសាសន៍ ផ្តាំផ្ញើរបស់ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលកំពង់ធំ។
ឯកឧត្ដមតែងតែផ្ដាំផ្ញើសួរសុខទុក្ខដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តកំពង់ធំ និងកងកម្លាំងដែលមានវត្តមានក្នុងកិច្ចប្រជុំនេះផងដែរ ដោយឯកឧត្តមចង់ដឹងអំពី សុខុមាលភាព សុខទុក្ខ របស់កងកម្លាំង ដែលកំពង់
តែបំពេញភារកិច្ចជាប្រចាំថ្ងៃ។ ហេតុផលខាងលើនេះបានសង្កេតឲ្យឃើញថាថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់កងកម្លាំងថ្នាក់ក្រោមគ្រប់ពេលវេលា។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណដល់បងប្អូនកងកម្លាំងទាំងអស់ក៍ដូចជាបងប្អូនកងកម្លាំងទទួលការងារសណ្ដាប់ធ្នាប់ និងចរាចរណ៍ កន្លងមក ក្នុងដំណាក់កាលសំខាន់ៗជាបន្តបន្ទាប់បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកម្លាំងចូលរួមបំពេញភារកិច្ច ការពារ ថែរក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ,ភ្ញៀវទេសចរណ៍ជាតិ,អន្តរជាតិ, ក្បួនធ្វើដំណើររបស់គណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ ជាពិសេសការបំពេញបេសកកម្មដ៍សំខាន់ចាំបាច់ ថែរក្សាបាននូវ សន្តិសុខ សណ្ដាប់ធ្នាប់ល្អ ជាពិសេសការពារសុវត្ថិភាព ក្នុងឱកាសៈការពារការឃោសនាស្វែងរកសន្លឹកឆ្នោត,ការពារការបោះឆ្នោត,ការពារការដឹកជញ្ជូនសន្លឹកឆ្នោតទៅរក្សាទុកទីកន្លែងដែលមានសុវត្ថិភាព រយៈពេលកន្លងទៅនេះធានាបានសុវត្ថិភាពល្អប្រសើរ ដែលជាមោទនភាពមួយសម្រាប់កងកម្លាំង និងអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ដែលមានការទទួលស្គាល់កោតសរសើរ លើកទឹកចិត្ត លើកមុខលើកមាត់ ពីសំណាក់ ថ្នាក់ដឹកនាំ ប្រធានមន្ទីរ ប្រជាពលរដ្ឋជុំវិញខេត្ត។
លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានថ្លែងជំរុញដាស់តឿនក្រើនរំលឹកដល់លោកនាយការិយាល័យទាំងពីរបន្តពង្រឹងកិច្ចការងារជំនាញរបស់ខ្លួនបន្ថែមទៀត ទៅតាម តួនាទី ភារកិច្ច យោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅ របស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត តាមលំដាប់ថ្នាក់ដល់មន្ត្រីថ្នាក់ក្រោម ឲ្យបានអនុវត្តបានព្រមៗគ្នា និងណែនាំដល់កម្លាំងទាំងអស់ត្រូវប្រកាន់យក វិន័យ សីលធម៌ អកិរិយាសំដីសំដៅជាមួយមហាជន ប្រកបដោយឥរិយាបថសុភាពរាបសារ ទន់ភ្លន់ រួសរាយរាក់ទាក់ ជាការសំខាន់ចាំបាច់ក្នុងផ្ដល់សេវាសាធារណ:ជាមួយប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញប្រគល់សៀវភៅ អនុក្រឹត្យ ស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដល់អធិការដ្ឋាននគរបាលទាំង០៨ក្រុង-ស្រុក ៕